ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ គ្រឿងញៀនជាច្រើនប្រភេទចំនួនជាង២តោន នឹងត្រូវដុតបំផ្លាញចោល ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មាន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ។
គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោទនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)។ នេះបើតាមមន្ត្រីជានខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា៖ ទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលរៀបចំធ្វើឡើងនាថ្ងៃស្អែកនេះ នឹងរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងនោះ ជារៀងរាល់ឆ្នាំអង្គការសហប្រជាជាតិ (អ.ស.ប) បានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតម្រូវឲ្យប្រទេសជាសមាជិក រៀបចំទិវានេះ ទៅតាមប្រធានបទរៀងៗខ្លួន ស្របតាមបរិបទនៃការគំរាមកំហែង ដោយបញ្ហាគ្រឿងញៀន។
លោក មាស វិរិទ្ធ បានអោយដឹងថា៖ «ទិវានេះធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានជ្រួតជ្រាបពីគ្រឿងញៀន ដែលបង្កគ្រោះថ្នាក់ និងហានិភ័យដល់សុខភាពសន្តិសុខសណ្តាប់ធ្នាប់ នៃការអភិវឌ្ឍជាតិរបស់ខ្លួន»៕
គួរម្លឹកថា៖ សម័យលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកយុទ្ធនាការបង្ក្រាបទីតាំងចែកចាយ ចាត់ចែង ប្រើប្រាស់ផលិតសារធាតុញៀន និងជួញដូរ ធំៗនៅរាជធានីភ្នំពេញ ទទួលការគាំទ្រ និងជម្រុញអោយប្រតិបត្តិការបន្តអនុវត្ត៕
ដោយ៖ សិលា