ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសជូនដំណឹងនៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៩នេះថា ចាប់ពីថ្ងៃទី២៦ ខែមិថុនាដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បណ្ដាខេត្ត ដែលនៅជាប់មាត់សមុទ្ររួមមាន ខេត្តកោះ កុង និងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់រាយ ប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើនគួបផ្សំនិងខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។
នេះបើតាមការព្យាករបង្ហាញថា ជ្រលងសម្ពាធទាបនៅបនកតអូសបន្លាយលើកម្ពុជា ខណៈដែលខ្យល់មូសុងនិរតីបានបង្កើនឥទ្ធិពល ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងទៀតថាដោយសារមានឥទ្ធិពលធ្វើឲ្យបណ្តារាជធានីនិងខេត្តមួយចំនួនដូចជា ៖រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។
ដោយឡែកបណ្ដាខេត្តនៅជាប់ព្រំប្រទល់កម្ពុជាវៀតណាមនិងនៅភាគពាយព្យខាង ជើងនិងឦសាននឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ទន្ទឹមនឹងនោះកន្លែងខ្លះអាចមានភ្លៀងខ្លាំង ។
ចំពោះបាតុភូតធម្មជាតិផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតែបន្តកើតមានដដែល ៕