មានប្រភពព័ត៌មានជាច្រើនបានលើកឡើងថា ប្រធានាធិបតីអាមេរិកដូណាលត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន អាចជួបពិភាក្សាគ្នា នៅតំបន់ព្រំដែនកូរ៉េទាំងពីរ ក្នុងពេលដែល លោកត្រាំ បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង។ តាមគម្រោងទស្សនកិច្ចនោះ លោកត្រាំនឹងទៅកាន់ព្រំដែន កូរ៉េទាំងពីរ បង្កឲ្យមានការសង្ស័យជាច្រើនកើតឡើងពីជំនួប លើកទី៣ នៅទីនោះ។
កាលពីថ្ងៃទី២៥ខែមិថុនាប្រធានាធិបតីអាមេរិកដូណាលត្រាំ បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន នៅពេលសមស្របណាមួយ។
នៅក្នុងសន្និសីទកាសែតនៅសេតវិមាន ក្រុមអ្នកសារព័ត៌មាន បានសួរពីសារលិខិតដែលមេដឹកនាំ គីម ជុងអ៊ុន ផ្ញើទៅកាន់ លោកត្រាំ នាពេលកន្លងមកថ្មីៗ អាចនឹងមានជំនួប ជាថ្មីដែរឬទេ ? ប្រធានាធិបតីដូណាលត្រាំបានបញ្ជាក់ថា នៅពេលសមស្របណាមួយ យើងនឹងរៀបចំជំនួបជាថ្មី ។
លោកត្រាំបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសហការយ៉ាងល្អ ដោយមិនមានការសាកល្បង អាវុធ បរមណូ នាពេលកន្លងមកនោះឡើយ។
ការប្រកាសខាងលើរបស់ ប្រធានាធិបតីដូណាលត្រាំ ជាសញ្ញាល្អបំផុត អាចឈានដល់ជំនួបកំពូលលើកទី៣ ក្នុងពេលឆាប់ៗខាងមុខ គឺអាចជួបពេលលោកត្រាំ បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាត្បូង ក្នុងនោះមានព្រំដែនកូរ៉េទាំងពីរ។
តាមគម្រោង ប្រធានាធិបតីត្រាំនឹងទៅកាន់ទីក្រុងសេអូលនៅថ្ងៃទី២៩និង៣០ខែមិថុនា ក្រោយកិច្ចប្រជុំG-20 នៅជប៉ុនបញ្ចប់ ។ ដំណើរទស្សនកិច្ចនោះ បង្កឲ្យមានការសង្ស័យថានឹងមានជំនួបជាមួយមេដឹកនាំ គីម ជុងអ៊ុន ក្រោយពេលលោកត្រាំឡើងគម្រោង ទៅកាន់តំបន់ស គ្មានយោធា របស់ប្រទេសទាំងពីរ ៕
ដោយ៖ មែវ សាធី