វិភាគ៖ ចិនមានសមត្ថភាពយោធា គ្រប់គ្រាន់ ទប់ស្កាត់អាមេរិក នៅតំបន់អាស៊ី ពិសេសគឺបញ្ហាកោះតៃវ៉ាន់

ចែករំលែក៖

តៃវ៉ានគឺជាបញ្ហារសើបបំផុតនៅក្នុងទំនាក់ទំនងអាមេរិក-ចិន តាំងពីដើមមក ដោយអាមេរិក បានប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់​។ អាមេរិកតែងតែលក់អាវុធឲ្យកោះតៃវ៉ាន់ ដើម្បីប្រឆាំងនិងចិនដីគោក​។ ​​ប៉ុន្តែពេលនេះ​ចិនបាន បញ្ចេញសកម្មភាព ដែលជាសារព្រមានដល់អាមេរិក និងកោះតៃវ៉ាន់ តាមរយៈបញ្ជូនសព្វាវុធទំនើបៗ ទៅកាន់តំបន់សមុទ្រជាប់កោះតៃវ៉ាន់ ដើម្បីព្រមានអាមេរិក។

ក្រុមនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានឆ្លងកាត់ព្រំដែនសមុទ្រកាត់ផ្តាច់ រវាងកោះតៃវ៉ាន់ និងចិនដីគោក។ សកម្មភាពខាងលើរបស់ចិន គឺជាការព្រមានដល់កោះតៃវ៉ាន់ និងអាមេរិក ដែលបង្កើនកម្លាំងទាហាននៅទីនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា នាវាចម្បាំង ៥គ្រឿង ការពារនាវាផ្ទុកយន្តហោះ Liaoning ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ ឆ្ពោះទៅកាន់កំពង់ផែQingdao នៅភាគខាងកើតនៃប្រទេសចិន ។

កាលពីដើមខែកន្លងមក ក្រុមនាវាផ្ទុកយន្តហោះរបស់ចិន ក៏បានឆ្លងកាត់ដែនសមុទ្រ Miyako របស់ជប៉ុន មុនពេលចូលទៅកាន់តំបន់សមុទ្រ Guam និងហ្វីលីពីន។ ជាមួយគ្នានេះដែរ ក្រុមនាវាផ្ទុកយន្តហោះចិន បាននាវាចរាចរណ៍ ឆ្លងកាត់សមុទ្រចិនខាងត្បូងថែមទៀតផង។

បច្ចុប្បន្ន ចិនកំពុងតែដំណើរការនូវនាវាផ្ទុកយន្តហោះតែមួយគត់។ ចំណែកមួយគ្រឿងទៀត កំពុងស្ថិតនៅក្នុងការសាកល្បង។ នាវផ្ទុកយន្តហោះ Liaoning មានចំណុះ៥០ពាន់តោន ដោយអាចផ្ទុកយន្តហោះបានចំនួន៣០គ្រឿង ហើយយន្តហោះចម្បាំងប្រភេទ J-15 របស់ចិន ក៏ជាយន្តហោះចម្បាំងដ៏សំខាន់បំផុតនៅលើនាវាផ្ទុកយន្តហោះទាំងនោះផងដែរ។ នាវាផ្ទុកយន្តហោះខាងលើនេះ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ធ្វើសង្គ្រាម។

តាំងពីដើមរៀងមក រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែអះអាងថា កោះតៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិនដីគោក ដោយមិនអាចកាត់ផ្តាច់បានឡើយ។ ទោះជាអាមេរិកខិតខំជួយដល់រដ្ឋការកោះតៃវ៉ាន់ ដើម្បីទទួលឯករាជ្យយ៉ាងណាក្តី ។ រដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែព្រមានថា ប្រសិនតៃវ៉ាន់ប្រកាសឯករាជ្យនោះ គឺជាថ្ងៃបញ្ចប់នូវរដ្ឋអំណាចរបស់កោះនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិន បានព្រមានដល់អាមេរិក ត្រូវតែគោរពចិនតែមួយ ដូចអ្វីដែលបានព្រមព្រៀង នាពេលកន្លងមក។

នៅពេលដែលចិនកាន់តែរីកចម្រើននៅក្នុងវិស័យយោធា និងទំនាក់ទំនង ការទូត ដោយប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងសម្ពន្ធមិត្តអាមេរិកផងបានងាកទៅប្រទេសចិន បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់អាមេរិក។ តាំងពីដើមមកអាមេរិក បានប្រើប្រាស់ជប៉ុននិងកូរ៉េខាងត្បូងដើម្បីដាក់ទីតាំងទាហានសម្រាប់ទប់ទល់ជាមួយចិន ។ ក្នុងពេលនេះកូរ៉េខាងត្បូង និងកូរ៉េខាងជើងកំពុងតែត្រូវរ៉ូវគ្នា។ចំណុច ទាំងនោះហើយអាចធ្វើឲ្យអាមេរិកត្រូវដកទាហានចេញពីកូរ៉េខាងត្បូង ដោយគ្មានហេតុផលអ្វីត្រូវដាក់កម្លាំងទាហានឈរជើងនៅទីនោះទៀតឡើយ។

ទាំងនោះហើយទើបអាមេរិក ងាកមក ជួយដល់កោះតៃវ៉ាន់ ដោយតៃវ៉ាន់គឺជាសត្រូវរបស់ចិនតែងតែរក្សាគោលបំណងប្រកាសឯករាជ្យ ចង់ផ្តាច់ខ្លួនចេញពីចិនដីគោក។ រដ្ឋាភិបាលទីក្រុងប៉េកាំង បាន ព្រមានជាច្រើនលើកច្រើនសា ថាបើតៃវ៉ាន់ប្រកាសឯករាជ្យនោះ នឹងទទួលរងការ វាយប្រហារជាមិនខាន។

បច្ចុប្បន្នតៃវ៉ាន់បង្កើនការទិញសព្វាវុធទំនើបៗពីអាមេរិកដើម្បីទប់ទល់ការវាយប្រហាររបស់ចិន។ ការផ្គត់ផ្គង់អាវុធរបស់អាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង ព្រោះសកម្មភាពនោះបំពាននៅនឹងច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។

ពាក់ព័ន្ធនឹងការទិញអាវុធពីអាមេរិក កន្លងមក អាមេរិកបានលក់ មីស៊ីលប្រឆាំងរថក្រោះរហូតដល់៤៦០ដើមប្រភេទ TOW-2B ឲ្យទៅកោះតៃវ៉ាន់មិនតែប៉ុណ្ណោះតំណាងរាស្ត្រអាមេរិក មកពីគណបក្ស សាធារណរដ្ឋបានអំពាវនាវឲ្យលក់យន្តហោះចម្បាំង ប្រភេទF-35 ឲ្យកោះតៃវ៉ាន់ទៀតផង។ ជាមួយគ្នានេះអាមេរិក បាន វាយតម្លៃពីតម្រូវការ អាវុធរបស់កោះតៃវ៉ាន់ហើយនឹងបន្តលក់ទៅកោះនេះតាមច្បាប់នៃទំនាក់ទំនងប្រទេសទាំងពីរ។

សកម្មភាពខាងលើកើតឡើងក្រោយ ពេលដែល ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អាមេរិក បានប្រកាសថា ការបង្រួបបង្រួម តៃវ៉ាន់ គឺមិនអាចគេចផុតបានឡើយ ហើយទីក្រុងប៉េកាំងនឹងធ្វើគ្រប់យ៉ាង ដើម្បីបង្រួបបង្រួម ។ ជាមួយគ្នានេះទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងដាច់អហង្ការ រាល់កិច្ចព្រមព្រៀងលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ការដែលអាមេរិក លក់អាវុធទៅឲ្យកោះតៃវ៉ាន់ គឺដើម្បីការពារកោះនេះ និងរក្សាសន្តិភាពស្ថិរភាព នៅលើកោះតៃវ៉ាន់ ស្របតាមបំណងរបស់រដ្ឋាភិបាលទីក្រុងតៃបិ។

ប្រធានាធិបតី កោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេង (Tsaï Ing-weng) បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ទប់ស្កាត់មហិច្ឆតាឥតព្រំដែនរបស់ប្រទេសចិន ដោយរួបរួមកម្លាំងជាមួយគ្នានៅក្នុង ការការពារសិទ្ធិសេរីភាព។ ប្រធានាធិបតីកោះតៃវ៉ាន់ ថែមទាំងចាត់ទុកមហាយក្ខចិន ជិតខាងប្រទេសខ្លួននេះ ជាការ គំរាមកំហែងមួយជាអន្តរជាតិ ដល់លទ្ធិប្រជាធិបតេយ្យ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print