ក្នុងពេលដែលកិច្ចពិភាក្សលើកទី៣ស្តីពីកម្មវិធីបរមាណូរវាងអាមេរិកនិងកូរ៉េខាងជើង អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ក្រោយមេដឹកនាំកូរ៉េខាងជើង ផ្ញើលិខិតផ្ទាល់ដៃទៅឲ្យប្រធានាធិបតីដូណាលត្រាំ ។ពេលថ្មីៗនេះមានព័ត៌មានផ្សាយថា លោកត្រាំនិងគីម ជុងអ៊ុនអាចជួបពិភាក្សានៅតំបន់ព្រំដែន នាចុងខែមិថុនានេះ ពេលលោកត្រាំទស្សនកិច្ចតំបន់ព្រំដែនកូរ៉េទាំងពីរ។
លោកត្រាំនឹងទៅកាន់កូរ៉េខាងជើងនៅថ្ងៃទី២៩ខែមិថុនាបន្ទាប់ពីកិច្ចប្រជុំG-20 នៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីជំនួបនោះឡើយ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៧ខែមិថុនាបានផ្សាយថា មន្ត្រីទូតកូរ៉េខាងជើងម្នាក់នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការជាសកម្មភាព ដែលបង្ហាញពីយុទ្ធសាស្រ្តថ្មីមួយ ដើម្បីស្ដារកិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរឡើងវិញ មុននឹងពេលវេលាដែលកំណត់ដោយទីក្រុងព្យុងយ៉ាង ត្រូវកន្លងហួសទៅ។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្លាប់បានបញ្ជាក់ក្រោយកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យថា ជំនួបលើកទី ៣ អាចនឹងកើតឡើងជាថ្មី លុះត្រាតែសហរដ្ឋអាមេរិកប្ដូរអត្តចរិកបច្ចុប្បន្នចេញសិន ពោលគឺឱ្យបានមុនដំណាច់ឆ្នាំ២០១៩នេះ បើពុំដូច្នោះទេអ្វីៗអាចនឹងលែងស្រោចស្រង់ឡើងវិញបាន ។
ជុំវិញបញ្ហាខាងលើនេះ លោក ក្វុន ចុងហ្គាន់ (Kwon Jong Gun) ដែលជានាយកទទួលបន្ទុកកិច្ចការអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់ដែរថា «សហរដ្ឋអាមេរិកតែងតែលើកឡើងជានិច្ចពីកិច្ចសន្ទនា ខណៈខ្លួននៅតែប្រកាន់ភ្ជាប់នូវសកម្មភាពជាសត្រូវ ចំពោះកូរ៉េខាងជើង។ ដូច្នេះហើយ ទីក្រុងវ៉ាស៊ីនតោនគួរតែប្ដូរយុទ្ធសាស្ត្របច្ចុប្បន្ន និងធ្វើសកម្មភាពឱ្យស្របទៅតាមផលប្រយោជន៍រវាងប្រទេសទាំង ២។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា ការផ្ញើសំបុត្រឱ្យគ្នាទៅវិញទៅមករវាងលោក ត្រាំ និងលោក គីម នាពេលថ្មីៗនេះ បង្កើនសង្ឃឹមពីលទ្ធភាពកាន់តែខ្ពស់ នៃការរៀបចំជំនួបកំពូលលើកទី ៣ រវាងមេដឹកនាំទំាង២។ ប៉ុន្តែសេតវិមានក៏បានបន្តសុពលភាព នៃដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងផងដែរ កាលពីសប្ដាហ៍មុន៕
ដោយ៖ មែវ សាធី