វិវាទនយោបាយនៅវេណេហ៊្សុយអេឡាមានជំហានវិជ្ជមានក្រោយ រដ្ឋាភិបាល និងក្រុមប្រឆាំងគ្រោងជួបគ្នាពិភាក្សា​

ចែករំលែក៖

ស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានស្ងាប់ស្ងាត់ជាង​មុន ហើយ រាល់ប្រព័ន្ធផ្សព្វផ្សាយធំ ៗ​បានបង្វែរការចាប់អារម្មណ៍ មកកាន់តំបន់អាស៊ី ក្នុងនោះមានកិច្ចប្រជុំ​ G-20 និងជំនួប លើកទី​៣ រវាងលោកត្រាំ និងគីម ជុងអ៊ុន​។

ក្រៅពីនេះភាពតានតឹងរវាងអាមេរិក​​និងអ៊ីរ៉ង់នៅតំបន់មជ្ឈឹមបូព៌ា​ស្ទើតែផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំ ។​ ចំណុចទាំងនោះហើយបានជា ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា មិនស៊ូវមានការផ្សព្វផ្សាយច្រើនប៉ុន្មានសប្តាហ៍ចុងក្រោយនេះ​។

សារព័ត៌មាន​ AP ​បានផ្សាយថា​ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក​ Nicolas Maduro ​និងគណប្រតិភូរបស់មេដឹកនាំក្រុមប្រឆាំងលោក​ Juan Guaido ​នឹងបន្តកិច្ចពិភាក្សា ស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ នៅក្នុងប្រទេស អាមេរិកខាងត្បូង មួយនេះ​។

នៅពេលនេះ ភាគីទាំងពីរ​មិនទាន់សម្រេចថាតើ​ នឹងរៀបចំជំនួប ពិភាក្សានៅទីក្រុង Oslo ប្រទេស Norway ​ឬ​ Barbados ។ តាមគម្រោង ភាគីទាំងពីរនឹងពិភាក្សាគ្នានៅសប្តាហ៍ក្រោយ​។ នៅពេលនេះរដ្ឋាភិបាល វេណេហ្ស៊ុយអេឡា មិនបានលើកឡើងជុំវិញព័ត៌មាននៃជំនួបពិភាក្សាខាងលើនៅឡើយ​។​ កន្លងក លោក Juan Guaido ​បានប្រកាសថា លោកទទួលបានការផ្តល់ប្រឹក្សា ពីមេដឹកនាំ នៅក្រៅប្រទេស ពីជំនួបពិភាក្សា នាពេលខាងមុខ។

កាលពីខែឧសភា កន្លងមក រដ្ឋាភិបាលប្រទេស Norway ​បានធ្វើជាអាជ្ញាកណ្តាល រៀបចំកិច្ចពិភាក្សា​សម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ និង មេដឹកនាំក្រុមប្រឆាំង​នៅទីក្រុង​ Oslo ​។ ប៉ុន្តែភាគីទាំងពីរ មិនទទួលបានកិច្ចព្រមព្រៀងណាមួយនោះឡើយ ។

នៅពេលនេះដែរ ភាគីទំាងពីរនឹងបន្តពិភាក្សា នៅពេលខាងមុខ ដើម្បីស្វែងរក ដំណោះស្រាយបញ្ចប់វិវាទ នៅក្នុងប្រទេសនេះ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ច​។ កន្លងមកទាំងរុស្ស៊ីនិងចិន បានផ្តល់ជំនួយជាច្រើនទៅឲ្យវេណេហ្ស៊ុយអេឡា ​។ ចំណែករដ្ឋាភិបាល របស់ប្រធានាធិបតីម៉ាឌូរ៉ូ ក៏បានសម្រេចបើកទ្វារព្រំដែន ជាប់ប្រទេសកូឡំប៊ីឡើងវិញ ផងដែរ​៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print