ភ្នំពេញ ៖ ក្មេងស្ទាវ២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិៈម៉ូតូលឿនទៅបុករថយន្តពីក្រោយ ដោយសារខ្លាចក្មេងស្ទាវមួយក្រុមទៀតកាប់ត្រូវ បង្កការភ្ញាក់ផ្អើលនៅម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវលេខ១០៩ កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចជនរងគ្រោះទីមួយមានឈ្មោះ គា ទី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដេកៅអីសាឡុង នៅជិតផ្សារអូរឫស្សី រស់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ ចំណែកជនរងគ្រោះទី២ដែលរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ អ្នកទាំងពីរជិៈម៉ូតូហុងដាងឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GV.6762 ។
តាមសម្តីក្មេងស្ទាវរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបគេនិងមិត្តភ័ក្តចំនួន៨នាក់បាននាំគ្នាចូលរាំលេងក្នុងក្លឹប ហ្គោល នៅម្តុំផ្សារដីហ៊ុយពេលដែលកំពុងរាំលេងរូបគេក្រឡេកភ្នែកមើលទៅក្មេងស្ទាវមួយក្រុមទៀតដែលមានគ្នា៧ទៅ៨នាក់រាំក្បែរនោះ ហើយរូបគេមិនចាំអារម្មណ៍ថាពួកគេគុំវ៉ៃសោះ ។ខណៈចេញមកវិញក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ចេញពីបានបន្តិច ស្រាប់តែក្រុមក្មេងស្ទាវនោះបានជិៈម៉ូតូ៥ទៅ៦គ្រឿងបានដេញកាប់រូបគេទាំង២នាក់បើករត់ទាំងភ័យស្លន់ស្លោរ រហូតដល់កន្លែងកើតហេតុក៏បុករថយន្តព្រូសមិនចាំស្លាកលេខ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ភ្លាមៗរថយន្តដែលជនរងគ្រោះបុកក៏បានបើកចេញទៅបាត់ ព្រមទាំងក្មេងស្ទាវដែលដេញកាប់ក៏បោះដាវចោលចំនួន២ដើមនៅកន្លែងកើតហេតុ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យជនរងគ្រោះរងរបួសធ្ងន់ទៅព្យាបាលមន្ទីពេទ្យផង ដោយឡែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសស្រាលឲ្យទៅប៉ុស្តិ៏នគរបាលរដ្ឋបាលមនោរម្យដើម្បីសួរនាំធ្វើ កំណត់ មុខសញ្ញាជនសង្ស័យ តាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ
...