ខេត្តកណ្ដាលៈ លោកយាយជរាម្នាក់ ខណៈកំពុងបោសដីនៅក្នុងផ្ទះ ស្រាប់តែចៅស្រីមានសតិមិនគ្រប់(សរសៃប្រសាទ)យកកាំបិតប័ងតោកាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថាលោកយាយរងគ្រោះឈ្មោះ ឡាច ឡាវ អាយុ៨១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។ ចំណែកជនសង្ស័យឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សមានសតិមិនគ្រប់(សសៃប្រសាទ) មានទីលំនៅមិនពិតប្រាកដ (គេចខ្លួន)ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ ។ ចំណែកវត្ថុតាងចាប់យកបានកាំបិតប៉័ងតោចំនួន០១ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ កើតហេតុខាងលើ ជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមករកជនរងគ្រោះ ហើយបានទាញកាំបិតពីថង់ខ្មៅ នៅនឹងដៃដែលជនសង្ស័យកាន់មក រួចកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯជនសង្ស័យជាចៅ បានបោះកាំបិតចោលរួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការពិនិត្យសាកសព រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
...