ខេត្តកណ្តាល ៖ មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ភ្នាក់ងារកាសែតនគរវត្តនៅមុននេះបន្តិចថា ឃាតករដៃឆៅជាចៅបង្កើតមានជំងឺសរសៃរប្រសាទកាប់សម្លាប់ជីដូនខ្លួនឯងពេលជីដូនកំពុងបោសសំរាមស្លាប់យ៉ាងអាណោចអាធម៌នោះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តកំពង់ធំ ចាប់បានហើយនៅយប់ថ្ងៃទី០២ខែកក្តដា ឆ្នាំ២០១៩។
ឃាតករមានឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន(សសៃប្រសាទ)មានទីលំនៅ(មិនពិតប្រាកដ) ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
គួររំលឹកដែរថា៖គួរអោយខ្លោចចិត្តណាស់ ចៅចិត្តអប្រិយ៍យង់ខ្នងដោយសារមានជំងឺសរសៃរប្រសាទលើកដៃកាប់ជីដូនខ្លួនឯងដែលកំពុងបោសសំរាមនៅខាងមុខផ្ទះស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ អង្គារ៍ ០១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទីនៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
សាក្សីបានបានអោយដឹងថា៖ នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិត ពីថង់ខ្មៅនៅនឹងដៃ ដែលជនសង្ស័យកាន់មក កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។ ក្រោយពេលកើតហេតុជនសង្ស័យបានបោះកាំបិតចោលរួចគេចខ្លួនបាត់តែម្ដង។ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕ ឆ ដា