កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ក្រុមជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ីបានបន្តសកម្មភាពស្វែងរកជនរងគ្រោះដែលនៅបាត់ខ្លួនរាប់សិបនាក់ ក្រោយពីហេតុការណ៍គ្រោះថ្នាក់ស្រឡាងកំពុងបើកសុខៗ ស្រាប់តែមានបញ្ហាហើយមានការបាត់ដានតែម្តងដែលរហូតមកដល់ពេលនេះមានរយៈពេល២ថ្ងៃទៅហើយនោះ ។
ប្រភពព័ត៌មានក្នុងតំបន់បានផ្សព្វផ្សាយថា អ្នកដំណើរជិត៨០នាក់បាននិងកំពុងនៅបាត់ខ្លួន ក្រោយពីស្រឡាងដឹកអ្នកដំណើរមានបញ្ហានៅពាក់កណ្តាលទី ស្របពេលដែលមានអាកាសធាតុមិនអំណោយផលកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតំបន់ Sulawesi នោះ ។ ក្រុមជួយសង្គ្រោះបានបន្តសកម្មភាពស្វែងរកដានស្រឡាង ក៏ដូចជាជនរងគ្រោះ កាលពីថ្ងៃទី២១ ខែធ្នូ ដោយសង្ឃឹមក្នុងចិត្តថា នឹងរកឃើញសញ្ញានៃស្រឡាងនោះ ព្រមជាមួយជនរងគ្រោះផងដែរ ។
រហូតមកដល់ពេលនេះ មនុស្ស៣នាក់បានបាត់បង់ជីវិត ក្នុងនោះ២នាក់ជាកុមារ ។ ពួកគេសុទ្ធតែជាពលរដ្ឋឥណ្ឌូនេស៊ី។ ប៉ូលិសបានអះអាងថា មនុស្ស៣៩នាក់បានជួយសង្គ្រោះចេញពីការលិចទឹក ។ ជនរងគ្រោះខ្លះត្រូវក្រុមអ្នកនេសាទសង្គ្រោះ អ្នកខ្លះទៀតតោងរសាត់អណ្តែតតាមពោងខ្យល់រាប់ម៉ោងទម្រាំក្រុមជួយជំនួយទៅដល់ ។
សាច់ញាតិក្រុមគ្រួសាអ្នកដំណើរដែលជួបគ្រោះថ្នាក់ខាងលើបាននាំគ្នាប្រមូលផ្តុំគ្នាដើម្បីរង់ចាំដំណឹងសាច់ញាតិក្រុមគ្រួសាររៀងខ្លួនថា តើមានវាសនាបែបណានោះស្ថិតនៅក្នុងតំបន់ Siwa ទីដែលស្រឡាងបានចេញដំណើរ ហើយបានបាត់ដាន និងបាត់ទំនាក់ទំនងជាមួយអាជ្ញាធរនោះ ។
អាជ្ញាធរនៅពេលនេះបានដាក់ការសង្ឃឹមថា អាចនឹងរកឃើញស្រឡាង ក៏ដូចជនរងគ្រោះទាំងអស់ ដោយសារថា នៅពេលនេះ អាកាសធាតុស្ថិតនៅតំបន់ដែលស្រឡាងបាត់ដាននោះមានភាពល្អប្រសើរវិញហើយ ។ អំឡុងពេលដែលស្រឡាងមានបញ្ហានោះ កម្ពស់រលកទឹកនៅទីនេះមានកម្ពស់រហូតដល់៥ម៉ែត្រ ។ ក្រុមជួយសង្គ្រោះបានអះអាងថា ពួកគេមានសុទិដ្ឋិនិយមនៅក្នុងថ្ងៃទី២១ ខែធ្នូនេះដោយសារអាកាសធាតុបានអំណោយផល ហើយសង្ឃឹមថា នឹងរកឃើញស្រឡាង និងជនរងគ្រោះទាំងនោះ ។
នាវា៦គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿងត្រូវចូលរួមធ្វើសកម្មភាពស្វែងរកជនរងគ្រោះពីទីកន្លែងដែលស្រឡាញចេញដំណើររហូតដល់ទីតាំងដែលជួបបញ្ហា ។ អាជ្ញាធរបានច្រានចោលដែលថា ស្រឡាងនេះត្រូវលិចទឹក ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ស្រឡាងនេះបានលិចចូលទៅក្នុងបាតសមុទ្ររួចហើយ វាមិនអាចអណ្តែតរសាត់តាមយថាកម្មនៅលើផ្ទៃទឹកបានឡើយបន្ទាប់ពីម៉ាស៊ីនមានបញ្ហានោះ ។
ឥណ្ឌូនេស៊ីជាប្រទេសប្រជុំទៅដោយដីកោះតូចប្រមាណ១៧.០០០ដែនកោះព័ទ្ធជុំវិញ ។ ពលរដ្ឋធ្វើដំណើរទៅមកពឹងផ្អែកទៅលើស្រឡាងដឹកអ្នកដំណើរ ប៉ុន្តែប្រព័ន្ធសុវត្ថិភាពទៅលើផ្លូវទឹកនៅក្នុងប្រទេសនេះ មិនទាន់ល្អប្រសើរណាស់ណានោះទេ ហើយជានិច្ចកាលតែងតែមានគ្រោះថ្នាក់កើតឡើងមិនឈប់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត