ខេត្តរតនគីរី ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងជំនាញបង្ក្រាបជាក់ស្ដែងនិងធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ទាក់ទឹននិងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនទៅសាលាដំបូងខេត្ត ។
ការចុះបង្ក្រាប់ជាក់ស្តែងនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៧០០នាទីថ្ងៃអាទឹត្យ៦កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៩នៅត្រង់ចំណុចមុខផ្ទះសំណាក់ហាវៃ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ។
ការចុះបង្ក្រាបបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ កម្លាំងអាវុធហត្ថស្រុកអូរជុំ និងមានការសម្របសម្រួលពីលោក រា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។
ប្រភពពីសមត្ថកិច្ចគ្រឿងញៀនបានឱ្យដឹងថា មុនដំបូងបានឃាត់ខ្លួនជនសង្ស័យចំនួន២មុខសញ្ញា ទី១. ឈ្មោះពេជ្រ សុភា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ , ទី២.ឈ្មោះវឿន សុវណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនបានចំនួន០១កញ្ចប់ ។
បន្ទាប់មកសមត្ថកិច្ចបានបន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យទី១នោះ រកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់ និងថង់ច្រកថ្នាំញៀនមួយចំនួនទៀត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យទី៣ឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ផ្អែកតាមការសួរចំលើយសារភាពរបស់ឈ្មោះពេជ្រ សុភា កម្លាំងជំនាញឈានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតទី៤ឈ្មោះឡាវ ខេមរ៉ា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅក្នុងភូមិអូរ កន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពន្តថា ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមមានលទ្ធផលវិជ្ជមាន(+)ចំនួន០៣នាក់និងអវិជ្ជមានម្នាក់(ស្រី) ។ វត្ថុតាងដកហូតបានមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ ទូរស័ព្ទ៣ គ្រឿងដាវមួយដើមនិងថង់ច្រកថ្នាំញៀនមួយចំនួនទៀត។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕ ដោយ ជីវន្ត័