តម្លៃប្រេងកើនឡើង​២ដុល្លារ ក្នុងមួយបារ៉ែល នាថ្ងៃទី​១១ ខែកក្កដា ដោយភាពតានតឹងនៅតំបន់ឈូងសមុទ្រ

ចែករំលែក៖

ស្ថានភាពនៅតំបន់ឈូងសមុទ្រពែក្ស ដែលជាច្រកផ្លូវ​ដ៏សំខាន់បំផុត ក្នុងការដឹកជញ្ជូនប្រេង​កំពុងប្រឈមភាពតានតឹងយ៉ាងខ្លាំងបំផុត ក្រោយអ៊ីរ៉ង់ប៉ុនប៉ងចាប់នាវាដឹកប្រេងរបស់អង់គ្លេស ជាការសងសឹក​ ។​ តម្លៃប្រេងនៅលើពិភពលោកនាថ្ងៃទី​១១ ខែកក្កដានេះ​ បានកើនឡើងដល់ទៅ​២ដុល្លារ ក្នុងមួយបារ៉ែល​។

តម្លៃប្រេងកើនឡើងក្រោយនាវាអ៊ីរ៉ង់​៥គ្រឿង ប៉ុនប៉ងចាប់នាវាដឹកប្រេងជាង​៣សែនតោនរបស់អង់គ្លេស មិនបានសម្រេច ​កាលពីថ្ងៃទី​១០ខែកក្កដា ដោយ នាវាចម្បាំង HMS Montrose របស់អង់គ្លេស​បានតម្រង់កាំភ្លើង មានកាណុង​៣០មីលីម៉ែត្រ ទៅលើ​ នាវាអ៊ីរ៉ង់ទាំង​៥គ្រឿង ហើយព្រមានវាយប្រហារ បណ្តាលឲ្យនាវាអ៊ីរ៉ង់ទាំងអស់ត្រូវចាកចេញ ។ 

ចាប់តាំងពីមានហេតុការបាញ់ប្រហារទៅលើនាវាដឹកប្រេង  ពីរគ្រឿងកន្លងមក ក៏ដូចជាការចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់ ពិសំណាក់ទាហានជើងទឹកអង់គ្លេស ធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង​។ ប្រទេសជាច្រើនដែលមាននាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ទីនោះ បានបញ្ជូននាវាចម្បាំងរៀងៗខ្លួនទៅការពារនាវាដឹកទំនិញ​។

អ៊ីរ៉ង់មានគម្រោងចាប់នាវាដឹកប្រេងរបស់អង់គ្លេស ជាការសងសឹកទៅលើអង់គ្លេសដែលបានចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់នាពេលកន្លងមក ។ ប៉ុន្តែការឡោមព័ទ្ធចាប់នោះមិនបានសម្រេច ក្រោយនាវាពិឃាតអង់គ្លេស បានតម្រង់កាំភ្លើង ទៅលើនាវាទាំង​៥គ្រឿងរបស់អ៊ីរ៉ង់​។

នាវាដឹកប្រេងរបស់អង់គ្លេស ឈ្មោះ British Heritage​កំពុងតែចាកចេញពីឈូងសមុទ្ររពែក្ស ក៏ត្រូវនាវាអ៊ីរ៉ង់​៥គ្រឿងឡោមព័ទ្ធ ហើយបញ្ជារឲ្យនាវាដឹកប្រេងនោះបង្វែទិសដៅ​ ​ចូលទៅកាន់ដែនសមុទ្ររបស់អ៊ីរ៉ង់ ។ យន្តហោះស៊ើបការណ៍អាមេរិកនៅក្បែរនោះថតបាននៅទិដ្ឋភាព ទាំង​នោះ​។ ភ្លាមៗនោះនាវាចម្បាំងរបស់អង់គ្លេស​ HMS Montrose  ដែលអមការពារនាវាដឹកប្រេង ពីខាងក្រោយ ក៏បានតម្រង់កាំភ្លើង​ទៅលើនាវាអ៊ីរ៉ង់​ ហើយបានព្រមានតាមវិទ្យុទាក់ទង​។

ប្រធានាធិបតីអ៊ីរ៉ង់ លោក​ Hassan Rouhani ​កាលពីថ្ងៃទី​១០ខែកក្កដា បានព្រមានថា អង់គ្លេសនឹងជួបនៅលទ្ធផលអាក្រក់  ក្រោយចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់ កាលពីសប្តាហ៍កន្លងមក ។ លោករ៉ូហានីបានបញ្ជាក់ទៀតថា អង់គ្លេសគឺជាអ្នក ចាប់ផ្តើមមុន ហើយនឹងទទួលរងនៅលទ្ធផលអាក្រក់ជាមិនខានឡើយ។

ចំណែកមេបញ្ជាការកងទ័ពអាមេរិក លោក​ Joseph Dunford កាល បានប្រកាសថា​អាមេរិកនិងសម្ព័ន្ធមិត្ត​កំពុងតែសហការ ការពារ សេរីភាពចរាចរណ៍នៅតំបន់សមុទ្រ ជាប់អ៊ីរ៉ង់ ដែលកំពុងតែរងការគំរាមកំហែងពី ទាហានជើងទឹកអ៊ីរ៉ង់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print