ស្ថានភាពនៅតំបន់ឈូងសមុទ្រពែក្ស ដែលជាច្រកផ្លូវដ៏សំខាន់បំផុត ក្នុងការដឹកជញ្ជូនប្រេងកំពុងប្រឈមភាពតានតឹងយ៉ាងខ្លាំងបំផុត ក្រោយអ៊ីរ៉ង់ប៉ុនប៉ងចាប់នាវាដឹកប្រេងរបស់អង់គ្លេស ជាការសងសឹក ។ តម្លៃប្រេងនៅលើពិភពលោកនាថ្ងៃទី១១ ខែកក្កដានេះ បានកើនឡើងដល់ទៅ២ដុល្លារ ក្នុងមួយបារ៉ែល។
តម្លៃប្រេងកើនឡើងក្រោយនាវាអ៊ីរ៉ង់៥គ្រឿង ប៉ុនប៉ងចាប់នាវាដឹកប្រេងជាង៣សែនតោនរបស់អង់គ្លេស មិនបានសម្រេច កាលពីថ្ងៃទី១០ខែកក្កដា ដោយ នាវាចម្បាំង HMS Montrose របស់អង់គ្លេសបានតម្រង់កាំភ្លើង មានកាណុង៣០មីលីម៉ែត្រ ទៅលើ នាវាអ៊ីរ៉ង់ទាំង៥គ្រឿង ហើយព្រមានវាយប្រហារ បណ្តាលឲ្យនាវាអ៊ីរ៉ង់ទាំងអស់ត្រូវចាកចេញ ។
ចាប់តាំងពីមានហេតុការបាញ់ប្រហារទៅលើនាវាដឹកប្រេង ពីរគ្រឿងកន្លងមក ក៏ដូចជាការចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់ ពិសំណាក់ទាហានជើងទឹកអង់គ្លេស ធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង។ ប្រទេសជាច្រើនដែលមាននាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ទីនោះ បានបញ្ជូននាវាចម្បាំងរៀងៗខ្លួនទៅការពារនាវាដឹកទំនិញ។
អ៊ីរ៉ង់មានគម្រោងចាប់នាវាដឹកប្រេងរបស់អង់គ្លេស ជាការសងសឹកទៅលើអង់គ្លេសដែលបានចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់នាពេលកន្លងមក ។ ប៉ុន្តែការឡោមព័ទ្ធចាប់នោះមិនបានសម្រេច ក្រោយនាវាពិឃាតអង់គ្លេស បានតម្រង់កាំភ្លើង ទៅលើនាវាទាំង៥គ្រឿងរបស់អ៊ីរ៉ង់។
នាវាដឹកប្រេងរបស់អង់គ្លេស ឈ្មោះ British Heritageកំពុងតែចាកចេញពីឈូងសមុទ្ររពែក្ស ក៏ត្រូវនាវាអ៊ីរ៉ង់៥គ្រឿងឡោមព័ទ្ធ ហើយបញ្ជារឲ្យនាវាដឹកប្រេងនោះបង្វែទិសដៅ ចូលទៅកាន់ដែនសមុទ្ររបស់អ៊ីរ៉ង់ ។ យន្តហោះស៊ើបការណ៍អាមេរិកនៅក្បែរនោះថតបាននៅទិដ្ឋភាព ទាំងនោះ។ ភ្លាមៗនោះនាវាចម្បាំងរបស់អង់គ្លេស HMS Montrose ដែលអមការពារនាវាដឹកប្រេង ពីខាងក្រោយ ក៏បានតម្រង់កាំភ្លើងទៅលើនាវាអ៊ីរ៉ង់ ហើយបានព្រមានតាមវិទ្យុទាក់ទង។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani កាលពីថ្ងៃទី១០ខែកក្កដា បានព្រមានថា អង់គ្លេសនឹងជួបនៅលទ្ធផលអាក្រក់ ក្រោយចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់ កាលពីសប្តាហ៍កន្លងមក ។ លោករ៉ូហានីបានបញ្ជាក់ទៀតថា អង់គ្លេសគឺជាអ្នក ចាប់ផ្តើមមុន ហើយនឹងទទួលរងនៅលទ្ធផលអាក្រក់ជាមិនខានឡើយ។
ចំណែកមេបញ្ជាការកងទ័ពអាមេរិក លោក Joseph Dunford កាល បានប្រកាសថាអាមេរិកនិងសម្ព័ន្ធមិត្តកំពុងតែសហការ ការពារ សេរីភាពចរាចរណ៍នៅតំបន់សមុទ្រ ជាប់អ៊ីរ៉ង់ ដែលកំពុងតែរងការគំរាមកំហែងពី ទាហានជើងទឹកអ៊ីរ៉ង់ ៕