ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការបែងចែកទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា នៅពេលនេះ ខេត្តបន្ទាយមានជ័យ ពិសេសគឺក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី កំពុងប្រឈមជាមួយនឹងកង្វះខាតទឹក ទាំងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់ស្រូវប្រាំង ។ មូលហេតុដែលនាំឱ្យប្រឈមនេះ គឺថា បើនិយាយពីស្រូវប្រាំង ខេត្តបន្ទាយមានជ័យ មានផែនការពីដំបូងត្រឹម ៧.០០០ ហិកតា និងក្រោយមកកើនឡើងដល់ ១២.០០០ ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែង នៅពេលនេះខេត្តបន្ទាយាននជ័យ បានដាំដុះស្រូវប្រាំងរួចរាល់ជាង ៣០.០០០ ហិកតា ។ កំណើនស្រូវដែលលើសពីផែនការយ៉ាងខ្លាំងនេះ បានធ្វើឱ្យក្រុងសិរីសោភ័ណ ក៏ដូចជាស្រុកមង្គលបូរី ប្រឈមនឹងកង្វះខាតទឹក ។
ចំពោះមុខបញ្ហានេះលោករដ្ឋមន្ត្រី បានដោះស្រាយ ដោយបានបញ្ជាឱ្យក្រុមការងារ ធ្វើការបូមទឹកពីស្ទឹងសិរីសោភ័ណ ទម្លាក់តាមប្រឡាយមេជាង ១០ គីឡូម៉ែត្រ ដើម្បីទៅផ្គត់ផ្គង់ស្រូវប្រាំងរបស់ប្រជាកសិករផង និងរុញទម្លាក់ទៅស្ទឹងមង្គលបូរី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់ផង ។ ការងារនេះ គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ចំនួន ០៥ គ្រឿង ។
នៅក្នុងឱកាសនោះដែរ លោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរី ដែលបានទៅដល់ទីតាំងម៉ាស៊ីនបូមទឹក បានជម្រាបជូនលោករដ្ឋមន្ត្រីថា នៅពេលនេះប្រជាពលរដ្ឋរបស់លោកនៅក្នុងស្រុកមង្គលបូរី កំំពុងត្រូវការទឹកខ្លាំង ដូច្នេះសុំសំណូមពរដល់លោករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍លើការងារនេះបន្ថែមទៀត ។ យោងតាមស្ថានភាពជាក់ស្តែង និងសំណូមពររបស់លោកអភិបាលរងស្រុក លោករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រុមការងារដំឡើងម៉ាស៊ីនបូមទឹកបន្ថែម ០១ គ្រឿងទៀត សរុប ចំនួន ០៦ គ្រឿង ដើម្បីងាយស្រួលក្នុងការបូមឆ្លាស់គ្នា (០៣គ្រឿងដំណើរការ ០៣គ្រឿងសំរាក) ដើម្បីកុំឱ្យដាច់លំហូរទឹក ។
ដើម្បីជួយដល់ស្រុកមង្គលបូរីនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ឱ្យបើកទ្វារទឹកបវេល ដើម្បីរុញទឹកពីខាងបវេល ទម្លាក់ចូលមកស្រុកមង្គលបូរី បន្ថែមទៀត ។បន្ទាប់ពីបានចុះពិនិត្យ និងបែងចែកទឹកនៅក្នុងខេត្តបន្ទាយមានជ័យរួចមក លោករដ្ឋមន្ត្រីបានបន្តបេសកកម្ម ចុះពិនិត្យសំណង់កាត់ស្ទឹងបវេល ត្រង់ចំណុចឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ នៅក្នុងពេលចុះពិនិត្យការងារនេះដែរ លោករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់សំណង់កាត់ស្ទឹងនេះ គឺដើម្បីឈានទៅគ្រប់គ្រងទឹកនៅស្ទឹងបវេលនេះ ឱ្យបានកាន់តែល្អប្រសើរ និងបែងចែកទៅតាមប្រឡាយមេផ្សេងៗ ដើម្បីស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ។
លោករដ្ឋមន្ត្រីបន្តថា សំណង់នេះស្ថិតនៅលើភូមិសាស្ត្រខេត្តបាត់ដំបង ប៉ុន្តែផ្ទៃដីដែលទទួលផលភាគច្រើន គឺនៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្រោយពេលសាងសង់រួច តាមរយៈប្រឡាយមេធំៗនានា យើងអាចធ្វើការតភ្ជាប់រវាងស្ទឹងមង្គលបូរី ទៅនឹងស្ទឹងសិរីសោភ័ណ ។ កត្តានេះ ក្រៅពីការស្រោចស្រព ក៏អាចនឹងធ្វើឱ្យស្ទឹងទាំងពីរ បំពេញទឹកឱ្យគ្នាទៅវិញទៅមក នៅពេលដែលស្ទឹងណាមួយមានការខ្វះខាត ៕
ដោយ៖ សុខ ខេមរា