ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៩ លោក វេង សាខុន សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃឈរ ខេត្តកំពង់ចាម រួមដំណើរដោយ លោកស្រី ម៉ក់ ស៊ីថា និងសហការី បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១០ នៃឃុំទាំង៣គឺឃុំកោះមិត្ត ឃុំកោះរកា និងឃុំកោះទទឹម ក្នុងស្រុកកំពង់សៀម។
ក្រុមការងារបានអោយដឹងថា៖ វត្តទាំង១០ នោះគឺ÷ ១. វត្តព្រះធាតុ ២. វត្តកោះរកា ៣. វត្តកោះគល់ ៤. វត្តតាមាង ៥. វត្តអូរឈ្លើង ៦. វត្តកោះប្រាក់ ៧. វត្តកោះកុក ៨. វត្តកោះកំពង់ត្រំ ៩. វត្តកោះប៉ែន និងទី ១០ គឺវត្តទួលស្រែ ដែលជាកន្លែងប្រារព្វពិធីនៅព្រឹកនេះ។
បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិទ្ធ លោកប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងស្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មកជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងជាពិសេសប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំទាំងបីខាងលើប្រមាណជាង ៣៥០នាក់។ បន្ទាប់មកលោកបានធ្វើការសំណេះសំណាលជាមួយចៅ អធិការវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានលើកយកពីដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិយើងដោយចាប់ផ្តើមតាំងពីថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ពីតំណាក់កាលមួយ មកតំណាក់កាលមួយរហូតមកទល់ពេលបច្ចុប្បន្ន ដោយបានលើកយកព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិមកជម្រាបជូនពុទ្ធបរិស័ទជាបន្តបន្ទាប់ដូចជា÷ ការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបានប្រែក្លាយពីប្រទេសអសន្តិសុខសង្គម មកជាប្រទេសមានសុខសន្តិភាព សុខសុវត្ថិភាព ប្រជាធិបតេយ្យពេញលេញ ប្រទេសអសន្តិសុខស្បៀង ទុរគតភាព មកជាប្រទេសម្ចាស់ការលើការផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង រហូតក្លាយជាប្រទេសផលិតស្បៀងដើម្បីធ្វើការនាំចេញនាពេលបច្ចុប្បន្ន។ ការអនុវត្តគោលនយោបាយសមាហរណកម្ម ការបង្រួបបង្រួមជាតិ និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិទាំងមូលគ្របដណ្តប់ដោយម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលជាដើមចមធ្វើឲ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងជាពិសេសបង្កលក្ខណ:ងាយ ស្រួល និងបង្កើតឱកាសសុខដុមនីយកម្មដល់ការប្រកបរបរទទួលទានប្រចាំថ្ងៃ ការវិនិយោគ និងការអភិវឌ្ឍ។ ហេតុដូច្នេះហើយ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជាពិសេសទូទាំងស្រុកសូមបន្តគាំទ្រ និងថែរក្សាសុខសន្តិភាព ស្ថិរភាព ដែលទទួលបានមកយ៉ាងលំបាក ដើម្បីផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលបន្តដឹកនាំប្រទេសឈានទៅសម្រេចឲ្យបានចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងនាមក្រុុមការងារថ្នាក់កណ្តាល និងក្នុងនាមខ្លួនលោកផ្ទាល់ លោកប្រធាន និងលោកស្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម និងជាពិសេសបានបរិច្ចាគថវិកាជូនក្រុមការងារយកមកប្រើប្រាស់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា។ លោកបានបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចទាំងទ្វេ បុត្រា បុត្រី ចៅប្រុស ចៅស្រីមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។ លោកក៏បានថ្លែងអំណរគុណជូនចំពោះសប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ និងជាពិសេសសមាជិកក្រុមការងារចុះជួយឃុំទាំងអស់ដែលបានចាប់មគ្គផលធ្វើបុណ្យ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា វត្តនីមួយៗក្រៅពីទទួលបានទៀនវស្សា ០១គូ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗទៀត ក៏ទទួលបានថវិកាចំនួន ១ ១០០ ០០០ រៀលស្នើៗគ្នាផងដែរ។ ដោយឡែក វត្តទួលស្រែដែលមានការខ្វះខាតជាងគេ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយ: ឯកឧត្តមប្រធានក្រុមការងារជួយឧបត្ថម្ភថវិកាចំនួន ២០លានរៀលបន្ថែមទៀត៕
ដោយ៖ ស រស្មី