មន្ត្រីជាន់ខ្ពស់នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ត្រាំ គឺមិនអាចកាន់តំណែងបានយូរ នោះឡើយ បើមិនបង្ខំចិត្តលាលែង ពីតំណែង ក៏ត្រូវលោកត្រាំដកហូតដំណែងផងដែរ ។ នៅពេលនេះ លោកត្រាំក៏បានឡើងគម្រោង ដករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
វិវាទផ្ទៃក្នុងរបស់រដ្ឋាភិបាល អាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំកាន់តែ ខ្លាំងឡើង ហើយពេលនេះលោកត្រាំ មានគម្រោង ដកតំណែងរដ្ឋមន្ត្រី៣រូបក្នុងក្រសួងពាណិជ្ជកម្ម ក្នុងនោះ មានរដ្ឋមន្ត្រី Wilbur Ross ។
កាលពីថ្ងៃ ទី១៥ ខែកក្កដា ប្រភពព័ត៌មាន ពីរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ប្រធានាធិបតីដូណាលត្រាំ បាននិយាយទៅកាន់ ក្រុមជំនួយការរបស់លោកថា លោកអាចនឹងដកតំណែងរដ្ឋមន្ត្រី Wilbur Ross ។ ប៉ុន្តែនៅពេលនេះសេតវិមាន មិនទាន់បញ្ជាក់ឲ្យបានច្បាស់ពីព័ត៌មានខាងលើនៅឡើយទេ។
កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Wilbur Ross ដែលពិភាក្សាមិនបានសម្រេចក្នុងវិស័យពាណិជ្ជកម្ម ជាច្រើនលើកកន្លងមក។
ប្រសិនបើលោក ត្រាំ ដកតំណែងមន្ត្រីក្រសួងពាណិជ្ជកម្ម នោះ ប្រជាប្រិយភាពរបស់លោកកាន់តែធ្លាក់ចុះខ្លាំង ខណៈការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ក៏កាន់តែខិតមកជិត ហើយ។ ពលរដ្ឋអាមេរិកមួយចំនួនធំបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកត្រាំរយៈពេលកន្លងមក ធ្វើឲ្យច្របូកច្របល់សង្គមអាមេរិក។ ការស្ទង់មតិកន្លងមក បង្ហាញឲ្យឃើញថា លោកត្រាំ ទទួលបានការគាំទ្រ តិចជាង បេក្ខភាព Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ៕