ក្រុមភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់បានបើកការវាយប្រហារភេរវកម្មផ្ទួនៗគ្នា សម្លាប់មនុស្សជាច្រើន ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ។ ការវាយប្រហារពាក់ព័ន្ធទៅនឹងពិធីបុណ្យសាសនា ។
នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានការវាយប្រហារភេរវកម្ម ក្នុងពេលពលរដ្ឋកំពុងធ្វើព្យុហយាត្រា។ មន្ត្រីអ្នកនាំពាក្យខេត្តបានបញ្ជាក់ថា គ្រាប់បែកនៅតាមដងផ្លូវមួយគ្រាប់ បានបំផ្ទុះឡើង ដោយបានសម្លាប់អ្នកធ្វើព្យុហយាត្រា១១នាក់ តាមរថយន្តត្រាក់មួយគ្រឿង ស្ថិតនៅភាគខាងត្បូងខេត្ត កានដាហារ (Kandahar) ប្រទេសអាហ្វហ្គានីស្ថាន ។
អ្នកនាំពាក្យកងកម្លាំងយោធាប្រចាំតំបន់ភាគខាងត្បូង Ahmad Sadeq Essa បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន aljazeeraថា យ៉ាងតិចមនុស្ស៣៥នាក់ផ្សេងទៀតរងរបួស ។ រថយន្តរបស់ពួកគេត្រូវគ្រាប់បែកផ្ទុះចំ ស្ថិតនៅក្នុងស្រុក Khakrez ខេត្ត កាន់ដាហារ កាលពីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ។
លោក Essa បានបន្ថែមថា ជនរងរបួសត្រូវបញ្ជូនទៅកាន់បន្ទាយទាហាន នៅក្បែរកន្លែងកើតហេតុ និងអ្នករងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅឯរដ្ឋធានីខេត្ត ។ មន្ត្រីសុខាភិបាលជាន់ខ្ពស់ថ្លែងថា កុមារ ២២នាក់ និងស្ត្រី៨នាក់ស្ថិតក្នុងចំណោមអ្នករងរបួសធ្ងន់ទាំងនោះ ។
ទោះជាយ៉ាងណា មិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ការវាយប្រហារដោយគ្រាប់បែកខាងលើនេះឡើយ ។ ប៉ុន្តែមន្ត្រីក្រុមប្រឹក្សាខេត្តកាន់ដាហារ បានស្ដីបន្ទោសទៅលើក្រុមឧទ្ទាមតាលីបង់ ដែលជានិច្ចកាល បើកការវាយប្រហារដោយបង្កប់គ្រាប់បែក នៅតាមដងផ្លូវ បណ្តាលឲ្យផ្ទុះលើគោលដៅសម្លាប់កងកម្លាំងសន្តិសុខ នៅក្នុងខេត្តនេះ ។
ខេត្តកាន់ដាហារនោះ ត្រូវបានចាត់ទុកជាទីកន្លែងកំណើតរបស់ក្រុមឧទ្ទាមតាលីបង់ ក្រុមនេះនៅតែកាន់កាប់គ្រប់គ្រងផ្នែកជាច្រើន នៅក្នុងខេត្តនេះដដែល ។
ដោយឡែកនៅក្នុងប្រទេសអ៊ីរ៉ាក់វិញ យ៉ាងហោចណាស់មានមនុស្ស៥នាក់ស្លាប់ និង២៥នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតទៅលើព្រះវិហាររបស់ក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីត នៅភាគខាងលិច នៃទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។
ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានឲ្យដឹងថា ការវាយប្រហារនេះ បានកើតឡើង នៅពេលរសៀល ស្ថិតនៅក្នុងស្រុក al Maalif ហើយគ្រាប់បែកមួយគ្រាប់នោះបានផ្ទុះ នៅក្នុងព្រះវិហារ និងមួយគ្រាប់ទៀត បានបំផ្ទុះ នៅក្នុងពិធីបុណ្យសពក្បែរនោះ ។ លុះមួយនាទីក្រោយមក ជនវាយប្រហារដោយគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រាប់បែកជាលើកទីពីរទៀត ក្នុងពេលដែលកំពុងតែចលាចលនោះ។
ក្រោយពេលមានការវាយប្រហារនោះមក កម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបិទតំបន់នោះទាំងមូល ដោយសារខ្លាចមានការវាយប្រហារជាបន្តទៀត។
នៅក្នុងរយៈពេល៣ឆ្នាំ ក្រោយក្រុមភេរវករអ៊ីស្លាម IS បានដណ្តើមគ្រប់គ្រងតំបន់ជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីអំឡុងឆ្នាំ២០១៧នោះមក បង្កឲ្យមានការវាយប្រហារភេរវកម្មជាច្រើន បើទោះជានៅពេលនេះ កម្លាំងទាហានរដ្ឋាភិបាលបានបណ្តេញក្រុមភេរវករអស់ហើយក្តី។
កាលពីខែឧសភាកន្លងមក ក្រុមភេរវករបានវាយប្រហារដោយគ្រាប់បែកអត្តឃាត នៅក្នុងផ្សារមួយ នៅភាគខាងកើតទីក្រុងបាកដាត សម្លាប់មនុស្ស ៨នាក់និងរាប់សិបនាក់រងរបួស។ កាលពីចុងខែមិថុនា កន្លងមក ក៏មានការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងផ្សាផងដែរ ហើយការវាយប្រហារទាំងឡាយគឺ សម្តៅទៅលើក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីត ៕