បច្ចុប្បន្នប្រទេសដែលមានគ្រាប់បែកបរមាណូ មានដល់ទៅ៩ប្រទេស ក្នុងនោះមាន អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ប៉ុន្តែមានតែអាមេរិកប៉ុណ្ណោះ ដែលបានដាក់ពង្រាយគ្រាប់បែកបរមាណូនៅទីតាំងក្រៅប្រទេស ពិសេសគឺតំបន់អឺរ៉ូប ។
ក្រោយពេលអង្គការណាតូ ធ្វើឲ្យបែកធ្លាយទីតាំងបរមាណូរបស់អាមេរិក ដែលលាក់ទុក នៅតាមបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានទាំងប្រទេសតួកគីផងដែរ ទើបរុស្ស៊ីស្នើឲ្យអាមេរិករក្សាទុកនូវគ្រាប់បែកបរមាណូ នៅតែក្នុងប្រទេសរបស់ខ្លួនបានហើយ។
លោក Mikhail Ulyanov តំណាងរុស្ស៊ីនៅក្នុងអង្គការបរមាណូអន្តរជាតិ IAEA បានបញ្ជាក់ថា «រុស្ស៊ីសូមថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អាមេរិក ដែលបានយកបរមាណូទៅរក្សាទុក នៅក្នុងប្រទេសជាច្រើន នៅក្នុងតំបន់អឺរ៉ុប។ ដូច្នេះអាមេរិកគួរតែរក្សាទុកនូវបរមាណូតែនៅក្នុងប្រទេសរបស់ខ្លួនតែមួយគត់»។
ការលើកឡើងខាងលើរបស់លោក Mikhail Ulyanov ក្រោយពេលសារព័ត៌មាន The Washington Post របស់អាមេរិក បានផ្សាយថា អង្គការណាតូបានបង្ហាញសារ រួចបានលុបចោលវិញភ្លាមៗ ដោយសារក្នុងសារនោះ បានបញ្ជាក់ថា អាមេរិកបានរក្សាទុកនូវអាវុធបរមាណូ រហូតដល់ទៅ១៥០គ្រាប់ នៅក្នុងប្រទេសប៊ែលហ្ស៊ិក អាល្លឺម៉ង អ៊ីតាលី ហូល្លង់ និងតួកគី។
គ្រាប់បរមាណូទាំងនោះ បានរក្សាទុក នៅទីតាំងយោធាអាមេរិកចំនួន៦កន្លែងផ្សេងគ្នា នៅក្នុងតំបន់អឺរ៉ុប។ បើតាមឯកសារដែលបែកធ្លាយនោះ មានទីតាំងនៅ Kleine Brogel ក្នុងប្រទេសប៊ែលហ្ស៊ិក,នៅ Buchel ប្រទេសអាល្លឺម៉ង, Aviano និង Ghedi-Torre ប្រទេសអ៊ីតាលី,ទីតាំង Volkel ប្រទេសហុល្លង និងនៅ Incirlik ប្រទេសតួកគី៕