ខេត្តមណ្ឌលគិរី ៖ មកទល់នឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ជនជាប់សង្ស័យមួយចំនួនក្នុងចំណោមជនសង្ស័យ១១រូប កម្លាំងសមត្ថកិច្ចតាមរកចាប់ខ្លួន(បើមិនចូលខ្លួន) ខណៈតុលាការបញ្ជាឲ្យចូលខ្លួនបំភ្លឺ ករណីបទល្មើសព្រៃឈើ ពាក់ព័ន្ធជាមួយឧកញ៉ា ស៊ឹង សំអុល ដែលតុលាការបានសម្រេចឃុំខ្លួនរួចនោះ។
ដោយឡែកសម្រាប់មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកកោះញែក ៣រូប ក៏ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរីចេញដីកាបញ្ជាឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងការបង្កឲ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១ ឲ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នេះដែរ។
តាមរយៈដីកា «បញ្ជាឲ្យចូលខ្លួន» ៣ ដោយឡែកៗពីគ្នា របស់លោកព្រះរាជ អាជ្ញា ហៀង សុភក្ត្រ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួន។
យ៉ាងណាមកទល់ពេលនេះមន្ត្រីរដ្ឋ បាលព្រៃឈើទាំង៣រូប ដែលរួមមាន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ។ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ លោក ហ៊ុន វណ្ណេ អាយុ៥០ឆ្នាំ និងនាយ ផ្នែករដ្ឋបាលព្រៃឈើកោះញែក លោក គង់ វិរៈ អាយុ ៤៦ឆ្នាំ និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើមួយចំនួនទៀតបាននិងកំពុងរត់គេចខ្លួន។
តាមរយៈដីកាបញ្ជាឲ្យចូលខ្លួននេះ ដើម្បីសាកសួរអំពីករណី «ផ្ដល់ការអនុញ្ញាតផ្ទុយបទបញ្ញត្តិនៃច្បាប់ អនុគ្រោះចំពោះ បទល្មើសព្រៃឈើ មិនរាយការណ៍ ឬមិន បានដាក់ បណ្ដឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលា ធ្វេស ប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្ដល់ព័ត៌មានក្លែងក្លាយបន្លំជាលាយលក្ខណ៍អក្សរ ដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១»។
ការចេញដីកានេះ ត្រូវបានធ្វើឡើង ក្រោយពីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានចាប់ខ្លួនលោកឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣ នាក់ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ។
សូមរំឭកថា ថ្មីៗនេះ លោក ម៉ម វ៉ាន់ដា តំណាងអយ្យការអមសាលាដំបូងខេត្ត មណ្ឌលគិរី បានចេញដីកាកោះហៅជន ជាតិចិន២នាក់ ដែលជាអគ្គនាយកក្រុម ហ៊ុន ដាច់វូដ លោក សុង វិនចាង (Song Wenzhang) និងនាយកក្រុមហ៊ុន យ៉ាន ចាវ លោក ចាង វិនតាវ (Wentao Zhang) និងបុគ្គលិកក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ២ នាក់ មកសាកសួរអំពីការដឹកជញ្ជូន និង ប្រមូលផល អនុផលព្រៃឈើគ្មានលិខិត អនុញ្ញាត។
យ៉ាងណាក្រៅពីមន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូបខាងលើ ជនជាតិចិនទាំងពីរ និងបុគ្គលិកក្រុមហ៊ុនម៉ាស្ទ័រ ខេសាន់ ២ នាក់នោះ ក៏មិនទាន់ស្គាល់អត្តសញ្ញាណជនពាក់ព័ន្ធនៅឡើយទេ។ តែថ្មីៗនេះក្នុងបទល្មើសព្រៃឈើដូចគ្នានេះ ដែលជា ករណីផ្សេងមួយទៀត សាលាដំបូងខេត្ត មណ្ឌលគិរីបានចោទប្រកាន់ និងឃាត់ខ្លួន និងបញ្ជូនខ្លួនជនជាតិវៀតណាម ២ នាក់ និងខ្មែរ ៣ នាក់ទៅឃុំផងដែរកាលពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៩៕
ដោយ៖ នរិន្ទ្រ