សមត្ថកិច្ចបញ្ជូនមន្ត្រីនគរបាល៣នាក់ រឿងរត់ការដោះលែងជនជាតិចិនចាប់ជំរិត១៨នាក់ នៅខេត្តកំពង់ស្ពឺ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងថា នៅរសៀលថ្ងៃទី២១ ខែកក្កដា នេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរមន្ត្រីនគរបាល៣នាក់ ពាក់ព័ន្ធករណីរត់ការនិងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិន១៨នាក់ ដែលជាក្រុមចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺទើបតែចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ នាពេលថ្មីៗនេះ ។

ប្រភពព័ត៌មាន បន្តថា មន្ត្រីនគរបាលទាំង៣នាក់ គឺ ម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន្ត ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ឃាត់ខ្លួនបញ្ជូនមកតុលាការ ។

សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន្តសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្នុងចំការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឲ្យទៅឈ្មោះ រ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

Facebook Page អគ្គនាយកដ្ឋានអន្តោប្រវេសន្ត ចេញផ្សាយកាលពីយប់ថ្ងៃទី១៧ ខែកក្កដា ថា ប្រតិបត្តិការ នេះ ធ្វើឡើងនាវេលាម៉ោង១០៖៩នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឃាត់ខ្លួនជនបរទេសចំនួន ១៨នាក់ មានសញ្ជាតិ ចិន៦នាក់ , ចិនតៃវ៉ាន់១២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៉ីនធើណេត (VOIP) និងធ្វើការដកហូតសម្ភារៈមួយចំនួនរួមមាន ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ចំនួន ២១គ្រឿង, អុបពូរ ០១គ្រឿង, សាំស៊ុង ០១គ្រឿង,ណូគា ០៦គ្រឿង, អាយផេត ០៤គ្រឿង, កុំព្យូទ័រលេបថប់ ០៥គ្រឿង, ឌែសថប់ ០១គ្រឿង, ព្រីនធើ ០២គ្រឿង, ដុំWifi ០២គ្រឿង, ស្ទិកឃើ ០១គ្រឿង, ទូរស័ព្ទលើតុ ៣៣គ្រឿង (ថ្មី ០៨គ្រឿង), អាយកូម ០៦គ្រឿង, លុយដុល្លារក្លែងក្លាយ ០២ដុំ (៥២សន្លឹក) ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print