កម្លាំងទាហានបដិវត្សរ៍អ៊ីស្លាមអ៊ីរ៉ង់ បាន ឌឺដងដាក់ប្រទេសអង់គ្លេស ដោយបានបំពាក់ទង់ជាតិ អ៊ីរ៉ង់នៅលើនាវាដឹកប្រេង ដែលអ៊ីរ៉ងបានចាប់កាលពីថ្ងៃទី ១៩ខែកក្កដាកន្លងមក ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់បានឌឺដងដាក់ទាហានជើងទឹកអង់គ្លេស ថា អសមត្ថភាព ក្នុងការការពារនាវាដឹកប្រេងរបស់ខ្លួន។
សកម្មភាពខាងលើកើតឡើង ក្រោយពេលអង់គ្លេសបានបញ្ជូននាវាចម្បាំងបន្ថែមទៅការពារនាវាដឹកប្រេងរបស់អង់គ្លេស ប៉ុន្តែមិនអាចការពារបានឡើយ ។នៅពេលនេះ អ៊ីរ៉ង់មិនខ្វល់ពីការអំពាវនាវរបស់សហគមន៍អន្តរជាតិឲ្យដោះលែងនាវាដឹកប្រេងអង់គ្លេសនោះឡើយ។
បច្ចុប្បន្នស្ថានភាព កាន់តែតានតឹងក្នុងតំបន់ឈូងសមុទ្ទពែក្ស បន្ទាប់ពីសេចក្តីប្រកាសរបស់អាមេរិកថាបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ អ៊ីរ៉ង់បានចាប់នាវាដឹកប្រេងអង់គ្លេសពីរគ្រឿង។ ឯចំណែកអារ៉ាប៊ីសាអូឌីត ព្រមទទួលទាហានអាមេរិកឱ្យមកឈរជើងនៅក្នុងប្រទេស ដើម្បីពង្រឹងសន្តិសុខនិងស្ថិរភាពតំបន់ … ក្នុងពេលជាមួយគ្នានេះ ជាលើកទីមួយ ចិនបានបញ្ចេញប្រតិកម្មបញ្ជាក់ជំហររបស់ខ្លួន ក្នុងសំណុំរឿងអ៊ីរ៉ង់ ដោយបានប្រកាសជាផ្លូវការ ប្រឆាំងនឹងទណ្ឌកម្មអាមេរិកដាក់លើអ៊ីរ៉ង់។
តាំងពីអាមេរិកបានប្រកាសដកខ្លួនជាឯកតោភាគីពីកិច្ចព្រមព្រៀងនិងវិលមកដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ បានកើនឡើងជាលំដាប់ និងបន្តដោយអំពើហិង្សាវាយប្រហារនិងរំខានដល់សកម្មភាពដឹកប្រេង នៅច្រកអ័រមូស្ហមក ទើបតែនៅថ្ងៃសុក្រម្សិលមិញ ជាលើកទីមួយ ដែលចិន បានសម្តែង ជំហរប្រឆាំងជាផ្លូវការ ទង្វើដាក់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់ និងបានទាមទារឱ្យអាមេរិកលើកទណ្ឌកម្មចេញពីអ៊ីរ៉ង់ភ្លាម។ចិន និងរុស្ស៊ី ក៏ជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉់ង ឆ្នាំ២០១៥ដូច្នេះ ប្រតិកម្មនេះ អាចមកពង្រឹងកិច្ចខិតខំប្រឹងប្រែងស្តារកិច្ចព្រមព្រៀងរបស់អឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ ប៉ុន្តែមិនដឹងថាតើអាមេរិកនឹងតបតមកចិនវិញយ៉ាងណាទេ។
យ៉ាងណាក៏ដោយ ក៏ស្ថានភាពជាក់ស្តែងក្នុងតំបន់ កំពុងដុនដាបជាលំដាប់ ! ២៤ម៉ោងក្រោយការប្រកាសដំណឹងបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ដោយអាមេរិក ឆ្មាំបដិវត្តិអ៊ីរ៉ង់បានចាប់នាវាដឹកប្រេងអង់គ្លេសពីរគ្រឿង នៅក្នុងតំបន់ច្រកសមុទ្ធអ័រមូស្ហ តែនាវាទីពីរ ត្រូវបានដោះលែងមកវិញហើយ ក្រុមការងារលើនាវាក៏បានរួចខ្លួនទាំងអស់មកវិញដែរ។ នេះបើតាមការបញ្ជាក់របស់ ក្រសួងការបរទេសអង់គ្លេស ដែលបានព្រមានអ៊ីរ៉ង់អំពីផលវិបាកនៃឃាត់ទុកនាវាដឹកប្រេងរបស់ខ្លួន។ សម្រាប់អ៊ីរ៉ង់ ការឃាត់ទុកនាវាអង់គ្លេស Stena Impero មកពីនាវានេះ មិនគោរពច្បាប់ចរាចរណ៍ផ្លូវសមុទ្ទអន្តរជាតិ។
សេចក្តីប្រកាសចាប់នាវាដឹកប្រេងអង់គ្លេសធ្លាក់មកតែប៉ុន្មានម៉ោងក្រោយសេចក្តីសម្រេចរបស់តុលាការកំពូលក្រុងGibrataអង់គ្លេស បន្តឃុំនាវាអ៊ីរ៉ង់ដែលអង់គ្លេសបានចាប់កាលពីថ្ងៃដើមខែកក្កដា រយៈពេល៣០ថ្ងៃទៀត។
ទន្ទឹមនឹងទង្វើផ្គើនគ្នាតទៅតមកនេះ ព្រះចៅអារ៉ាប៊ីសាអូឌីត បានប្រកាសព្រមព្រៀងទទួលឱ្យកងទ័ពអាមេរិកមកដាក់ទ័ពតាំងទីក្នុងទឹកដីរបស់ខ្លួន។ នេះជាសេចក្តីសម្រេចលើកទីមួយ គិតចាប់តាំងពីឆ្នាំ២០០៣ និងចាប់ពីសង្គ្រាមនៅអ៊ីរ៉ាក់បានបិទបញ្ចប់ទៅ។ ក្រសួងការពារជាតិអាមេរិកក៏បានបញ្ជាក់បន្ថែមទៀតថា ក្រៅអំពីពង្រាយកម្លាំងទ័ព អាមេរិកនឹងធនធានដើម្បីកំញើញអ៊ីរ៉ង់ដែលបន្តគំរាមកំហែងសន្តិសុខតំបន់។ បើតាមអ្នកទទួលខុសត្រូវអាមេរិក ទាហានបញ្ជូនមកអារ៉ាប៊ីសាអូឌីត មានចំនួន៥០០នាក់ និងកងកម្លាំងមួយក្រុមបន្ថែមទៀត ពីលើសេចក្តីបញ្ជូនទាហាន១ពាន់នាក់បន្ថែមមកតំបន់ដើមបូព៌ា កាលពីដើមខែ។
នៅពេលនេះ អឺរ៉ុប បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌា … អន្តរជាតិបាននាំគ្នាបញ្ចេញប្រតិ កម្ម ជាបន្តបន្ទាប់ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់នាវាដឹកប្រេងអង់គ្លេស។ ប្រមុខការទូតអង់គ្លេស បានជួបនិយាយជាមួយសមភាគីអ៊ីរ៉ង់ ដើម្បីតវ៉ា និងសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើចាប់នាវារបស់អ៊ីរ៉ង់។ ប៉ុន្តែអ៊ីរ៉ង់ធ្វើគធ្វើថ្លង់ មិនឮអ្វីទាំងអស់ !
បន្ទាប់ពីបានការបញ្ចេញប្រតិកម្មដោយផ្ទាល់មាត់ប្រាប់អ៊ីរ៉ង់ ប្រមុខការទូតអង់គ្លេស ក៏បានកោះហៅតំណាងអ៊ីរ៉ង់ប្រចាំក្រុងឡុងដ៍មកជួបតវាទៀត។
អ៊ីរ៉ង់គឺជាបញ្ហា មានតែបញ្ហា ! នេះជាប្រតិកម្មរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដោយសន្យាធ្វើការជាមួយដៃគូ ដើម្បីការពារសន្តិសុខនិងផលប្រយោជន៍ពួកគេ ទល់នឹងចរិកអាក្រក់របស់អ៊ីរ៉ង់។ មិនសមហេតុផល ! ត្រូវតែដោះលែងនាវាអង់គ្លេសដោយគ្មានបង្អង់ ! នេះជាសំដីទាមទាររបស់អាល្លឺម៉ង់។ ប៉ារីសមានសាមគ្គីភាពជាមួយអង់គ្លេស សូមទាមទារឱ្យអ៊ីរ៉ង់គោរពគោលការណ៍នៃសេរីភាពផ្លូវសមុទ្ទ ដោយត្រូវប្រគល់សេរីភាពឱ្យនាវានិងអ្នកធ្វើការលើនាវាទាំងអស់ឱ្យបានឆាប់រហ័ស !
គ្រប់គ្នាសុទ្ធតែចាត់ទុកទង្វើចាប់នាវាដឹកប្រេងអង់គ្លេស នៅច្រកសមុទ្ទOrmuz ថាជាសកម្មភាពបង្ករឿងដ៏គ្រោះថ្នាក់ និងអំពាវនាវឱ្យនាវាដឹកប្រេងអង់គ្លេសទាំងអស់ ចៀសវាងការធ្វើដំណើរតាមច្រកយុទ្ធសាស្ត្រ៕