ខេត្តកណ្តាល៖ បុរសម្នាក់បានប្រាប់ស្ត្រីជាប្រពន្ធថាជិះ ទូកទៅរាយមងនៅដងទន្លេសាប បន្ទាប់ពីទៅបាត់ជាច្រើនម៉ោងមិនឃើញត្រឡប់មក់ផ្ទះវិញស្ត្រីជាប្រពន្ធមានការសង្ស័យក៏នាំគ្នាតាមរករហូតរាវរកឃើញសាកសពនៅក្នុងបាតទន្លេសាបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៧ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយដងទន្លេសាប ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរង គ្រោះឈ្មោះ យន សុភា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជា កសិករ និងនេសាទ បច្ចុប្បន្នរស់នៅភូមិ ជ្រោយសំបួរ ឃុំកោះចិន ស្រុកពញ្ញាឭ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានប្រាប់ក្រុមគ្រួសារនិងស្ត្រីជាប្រពន្ធថា ជិះទូកទៅរាយមងនៅតាមបណ្តោយដងទន្លេសាប និយាយរួចជនរងគ្រោះក៏បានដើរចេញពីផ្ទះម្នាក់ឯងបាត់ទៅ ។ បន្ទាប់ពីទៅបាត់ជាច្រើនម៉ោងមិនឃើញ ត្រឡប់មកផ្ទះវិញ ស្ត្រីជាប្រពន្ធនិងក្រុមគ្រួសារមាន ការសង្ស័យក៏បាននាំគ្នាតាមរកជនរងគ្រោះនៅតាមដងទន្លេសាប ខណៈដើរដល់ចំណុចកើតហេតុបានប្រទះឃើញទូកដែលជនរងគ្រោះជិះអណ្តែតតាមខ្សែទឹក ។ ឃើញដូច្នេះធ្វើឲ្យក្រុមគ្រួសារកាន់តែមានការសង្ស័យថែមទៀត ក៏បាននាំគ្នាមុជទឹករាវរកនៅបាតទន្លេ រហូតបានប្រទះឃើញសាកសពជនរងគ្រោះ ស្រង់យកមកលើគោករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្របានដាក់ការសន្និដ្ឋានថា ជរងគ្រោះបានស្លាប់ដោយសារខ្យល់គ បណ្តាលឲ្យធ្លាក់ពីលើទូកចូលទៅ ក្នុងទឹក មិនមានជាប់ពាក់ព័ន្ធនិងករណីអ្វីឡើយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ហើយនោះសមត្ថកិច្ចនគរបាលបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
...
ដោយ៖ ស្អាងជ័យ