ខេត្តកោះកុង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ផ្តល់អនុសាសន៍បន្ថែមដល់អាជ្ញាធរអគ្គិសនី ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនអគ្គិសនី ការងារដែលត្រូវធ្វើក្នុងវិស័យអគ្គិសនី ទន្ទឹមនឹងការកសាងវារីអគ្គិសនីនៅកន្លែងផ្សេងៗ រោងចក្រអគ្គិសនីនៅកន្លេងផ្សេងៗត្រូវធ្វើកិច្ចការងារ៣ដែលចាំបាច់៖
- ពង្រីកបណ្តាញចែកចាយ
- ត្រូវពង្រីកបណ្តាញជាតិ
- ដែលជាចំណុចដែលប៉ះពាល់ផ្ទាល់ដល់ប្រជាពលរដ្ឋ គឺត្រូវដាក់កម្មវិធីដែលមានរួចមកហើយ, ហើយអនុវត្តឲ្យបាននូវការបញ្ចុះថ្លៃភ្លើងជាបន្តបន្ទាប់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍បន្ថែមបែបនេះ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅឯខេត្តកោះកុង ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដំណើរការវារីអគ្គិសនីស្ទឹងតាតៃ ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ស្ថិតក្នុងឃុំតាតៃ ស្រុក-ខេត្តកោះកុង ដែលមានអនុភាព២៤៦មេហ្គាវាត់ ហើយអនុភាពបញ្ចេញ៨២មេហ្គាវាត់ក្នុងមួយគ្រឿងប្រើតួប៊ិន៣គ្រឿង ដែលផលិតថាមពលអគ្គិសនីបានមធ្យម៨៥៨លានគីឡូវាត់ម៉ោងក្នុងមួយឆ្នាំ ដែលត្រូវចំណាយទុនវិនិយោគរបស់ក្រុមហ៊ុនឯកជន៥៤០លានដុល្លារអាមេរិក ។
ពាក់ព័ន្ធនឹងបញ្ហាទាំង៣ចំណុចខាងលើ ទី១ សម្តេចតេជោមានប្រសាសន៍ថា ចំណុចពង្រីកបណ្តាញចែកចាយនេះជាចំណុចដែលត្រូវធ្វើ ព្រោះបើគ្រាន់តែផលិតអគ្គិសនីទេ ហើយពុំមានបណ្តាញចែកចាយ គឺមិនខុសពីការផលិតរថយន្ត ហើយពុំមានផ្លូវបើកបរនោះទេ ។ ដូច្នេះបញ្ហាផលិត និងបញ្ហាពង្រីកបណ្តាញចែកចាយនេះ គឺវាដើរស្របគ្នាតែម្តង ។ ទាក់ទឹននឹងបញ្ហានេះ មិត្តចិននឹងឲ្យខ្ចីប្រាក់ថែមទៀតដើម្បីតបណ្តាញអគ្គិសនី ព្រោះក្រុមហ៊ុនផលិតចរន្តអគ្គិសនីលក់មកឲ្យរដ្ឋ ហើយពេលផលិតផ្តល់ឲ្យហើយ បើយើងទិញពីក្រុមហ៊ុនផលិត មិនអស់តាមការសន្យា នោះអ្នកទិញត្រូវសងតម្លៃទៅឲ្យក្រុមហ៊ុនផលិតវិញ ។
សម្តេចតេជោមានប្រសាសន៍បន្តថា បើប្រើប្រាស់អគ្គិសនីឲ្យបានអស់ គឺតម្រូវការឲ្យមានទុន ។ ទុនគឺមាន១ផ្នែករបស់អគ្គិសនីផ្ទាល់ និង១ផ្នែកទៀតរាជរដ្ឋាភិបាលឲ្យខ្ចី ។ ទន្ទឹមនឹងករណីនេះ សម្តេចតេជោមានប្រសាសន៍ថា មានកម្ចីពីសាធារណរដ្ឋឥណ្ឌាសម្រាប់តភ្ជាប់ចរន្តអគ្គិសនី ដែលនៅមិនទាន់បានធ្វើឲ្យហើយតពីខេត្តស្ទឹងត្រែងមកខេត្តក្រចេះ និងការប្រើប្រាស់វិស័យឯកជនតភ្ជាប់ផងដែរ គឺការតភ្ជាប់ពីខេត្តក្រចេះមកខេត្តកំពង់ចាម និងពីកំពង់ចាម មកភ្នំពែញ វាជាវិស័យឯកជន ។ ដូច្នេះការពង្រីកបណ្តាញតទៅទៀតគឺមានទាំងការពង្រីកបណ្តាញជាតិ និងបណ្តាញចែកចាយថ្នាក់ក្រោមជាតិទៅកាន់មូលដ្ឋាន ទៅដល់ភូមិប្រជាពលរដ្ឋដើម្បីបញ្ឈប់នូវស្ថានភាព ដែលឯកជនទទួលតភ្លើងពីក្រុមហ៊ុនអគ្គិសនី ដែលលក់ថ្លៃខ្ពស់ឲ្យប្រជាពលរដ្ឋ គឺយើងកាត់បន្ថយជាបណ្តើរៗ ។
កិច្ចការទី២ គឺត្រូវពង្រឹងបណ្តាញជាតិ ដែលចំណុចនេះសម្តេចតេជោបានលើកឡើងកាលពីថ្មីៗកន្លងទៅនេះគឺនៅក្នុងវេលានៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក លយប្រទីប សំពះព្រះខែ មានករណីមួយដែលដាច់ចរន្តអគ្គិសនី ដោយសារតែបណ្តាញជាតិរបស់យើងទន់ខ្សោយ គឺបណ្តាលឲ្យដាច់បណ្តាញទូទាំងប្រទេស ។ ដូច្នេះការពង្រឹងបណ្តាញជាតិឲ្យបានគ្រប់គ្រាន់ ដូចជាការតភ្ជាប់តាមផ្លូវជាតិលេខ៣ តភ្ជាប់ពីខេត្តព្រះសីហនុទៅខេត្តកំពត និងចូលមកភ្នំពេញ ។ មិនតែប៉ុណ្ណោះ ក៏ចង់ឲ្យមានបណ្តាញមួយទៀតតាមផ្លូវជាតិលេខ៤ពីកំពង់ស្ពឺ ទៅកំពង់សោម ដើម្បីធានាថា ប្រសិនបើដាច់ចរន្តអគ្គិសនី១ខ្សែ គឺមានខ្សែបណ្តាញ១បញ្ជូនទៀត នោះហើយហៅការពង្រឹងបណ្តាញជាតិ រាប់ទាំងខ្សែថ្មីៗផងដែរ គឺត្រូវធ្វើឲ្យគ្រប់ ។
កន្លងទៅសម្តេចតេជោបានចុះហត្ថលេខាជាមួយភាគីសាធារណរដ្ឋបារាំងខ្ចីលុយដើម្បីតភ្ជាប់ពីខេត្តកោះកុងមក ។
ចំណុចទី៣ គឺជាចំណុចដែលប៉ះពាល់ផ្ទាល់ជាមួយជីវភាពរបស់ប្រជាពលរដ្ឋ គឺត្រូវដាក់កម្មវិធីដែលមានរួចមកហើយ ត្រូវអនុវត្តឲ្យបាននូវការបញ្ចុះតម្លៃភ្លើងជាបន្តបន្ទាប់ ហើយដោយឡែកនៅប្រទេសមួយចំនួនចាប់ផ្តើមឡើងថ្លៃភ្លើង ឯកម្ពុជាចាប់ផ្តើមធ្វើចុះកាំជណ្តើរទី៩ចុះមកទី៨ ទី៧ ទី៦ ទី៥…រហូតដល់ទី៣ ទី២ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា តម្លៃភ្លើងគឺទាក់ទងទៅនឹងការប្រកួតប្រជែងអំពីផលិតកម្មផងដែរ ។ តម្លៃអគ្គិសនីពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅពេលណាមួយនោះ តម្លៃអគ្គិសនីនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើងដែលប្រើប្រាស់ក្រោម៥០គីឡូវាត់ ។ ឥឡូវនេះអ្នកដែលទទួលបានផលប្រយោជន៍មុនគេ គឺកម្មករ កម្មការិនីដែលនៅបំពេញការងារនៅទីក្រុងភ្នំពេញ បន្ទាប់ទៅនឹងអាចឈានដល់តំបន់ទីប្រជុំជន ។
របាយការណ៍សង្ខេបរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃ ដែលស្ថិតនៅតំបន់ជួរភ្នំក្រវាញ ស្ថិតក្នុងឃុំឫស្សីជ្រុំ ឃុំថ្មបាំង ចំណែកស្ថានីយនេះស្ថិតនៅក្នុងឃុំតាតៃ ស្រុក-ខេត្តកោះកុង មានចម្ងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង និង៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ដោយមើលឃើញនូវសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់គម្រោងនេះ និងដោយសារម្យ៉ាងទៀត ក្រុមហ៊ុន CHMC ជាក្រុមហ៊ុនធំមួយមានសមត្ថភាពខ្ពស់ ព្រមទាំងមានការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលចិនផងនោះ តាមរយៈសំណើរបស់អតីតក្រសួងឧស្សាហកម្មរ៉ែ និងថាមពល រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រសួងចរចាជាមួយក្រុមហ៊ុន CHMC និងបានសម្រេចផ្តល់គម្រោងវិនិយោគនេះឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងបានចាប់ផ្តើមដំណើរការអាជីវកម្មរហូតដល់បច្ចុប្បន្នប្រកបដោយជោគជ័យ ។
ថាមពលអគ្គិសនីផលិតបានជាមធ្យម៨៥៨លានគីឡូវាត់ម៉ោងក្នុងមួយឆ្នាំ ។ អគ្គិសនីដែលកម្ពុជាទិញទៅតាមបរិមាណដែលក្រុមហ៊ុនផលិតបានជាក់ស្តែង រីឯថ្លៃលក់ជូនអគ្គិសនីកម្ពុជាគឺ៧,៤៥សេនដុល្លារអាមេរិកក្នុងមួយគីឡូវាត់ម៉ោង៕
ដោយ៖ ហេង សូរិយា