ភ្នំពេញ៖ រថយន្តដឹកដី ដឹកខ្សាច់ ចង្កូតស្តាំជាច្រើនគ្រឿងបានធ្វើការតវ៉ាសារជាថ្មីនៅតាមបណ្តាផ្លូវមួយចំនួនជុំវិញរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥ នេះ កន្លែងខ្លះត្រូវបានបិទផ្លូវបង្កអោយមានការកកស្ទះចរាចរ កន្លែងខ្លះទៀតគ្រាន់តែឈប់ចតរថយន្តនៅចិញ្ចើមផ្លូវហើយលើកបដា ទាមទារល័ក្ខខ័ណ្ឌ២ចំនុច ទី១-សុំបង់ពន្ធផ្លូវទៅតាម ច្បាប់ , ទី២-សុំកុំអោយកែ ចង្កូតពីស្តាំមកឆ្វេង ពោលគឺរក្សាភាពដើមរបស់ចង្កូតរថយន្ត ។
ដោយឡែកនៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានរថយន្តចង្កូតស្តាំចំនួន១៥គ្រឿងបានឈប់ចតនៅចិញ្ចើមផ្លូវជាតិ និងលើកបដា សុំការអន្តរាគមន៍ ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវល័ក្ខខ័ណ្ឌ២ ចំនុចដូចគ្នា ។ ប៉ុន្តែការតវ៉ា នៅលើផ្លូវជាតិលេខ១នេះ មិនមានការបិទផ្លូវបង្កអោយកកស្ទះចរាចរនោះទេ ។
បន្ទាប់ពីមានការតវ៉ាសារ ជាថ្មី អាជ្ញាធរ -សមត្ថកិច្ច ខណ្ឌច្បារអំពៅបានចុះទៅធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តចង្កូតស្តាំ ដោយធ្វើការណែនាំមិនអោយធ្វើការបិទផ្លូវជាតិជាដាច់ខាត បើមិនស្តាប់តាមការណែនាំទេនោះអាជ្ញាធរនឹងចាត់វិធានការក្តៅ ព្រោះវាធ្វើអោយប៉ះពាល់ ដល់សិទ្ធអ្នកដទៃដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ ។
លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងចម្រុះចុះទៅសម្របសម្រួលជាមួយអ្នកបើករថយន្តចង្កូតស្តាំ បានអោយ ដឹងថា ល័ក្ខខ័ណ្ឌ២ចំនុចដែល ក្រុមអ្នកបើករថយន្តចង្កូតស្តាំទាមទារអោយរាជរដ្ឋាភិបាលដោះស្រាយនេះ គឺជារឿងចាស់ ។ កន្លងមកក្រុមអ្នក បើករថយន្តចង្កូតស្តាំបានធ្វើការតវ៉ាទាមទារ ២-៣ ដងរួចមកហើយ តែពុំទានមានដំណោះស្រាយតាមសំណូមពរនោះឡើយ ទើបមានការតវ៉ាសារជាថ្មីទៀត ។ ការតវ៉ានៅលើ ផ្លូវជាតិលេខ១នេះមិនមានការបិទផ្លូវនោះទេ ដោយគ្រាន់តែ ឈប់រថយន្តនៅចិញ្ចើមផ្លូវ ហើយលើកជាបដាប៉ុណ្ណោះ ។
លោកអភិបាលរងខណ្ឌ បានបន្តថា ក្រុមអ្នកបើកបរ រថយន្តចង្កូតស្តាំមានសិទ្ធតវ៉ាបាន..តែសុំចិត្តកុំយកផ្លូវជាតិធ្វើជាចំណាប់ខ្មាំងដើម្បីដាក់សម្ពាធដល់អាជ្ញាធរអោយសោះ…ទង្វើបែបនេះមានន័យថាក្រុមអ្នកតវ៉ាកំពុងតែរំលោភលើសិទ្ធអ្នកដទៃ… ជាពិសេស សិទ្ធ របស់អ្នកធ្វើដំណើរឆ្លង កាត់ និងសិទ្ធការពាររបស់សមត្ថកិច្ច ។ ប្រសិនបើមាន ការបិទផ្លូវជាតិអាជ្ញាធរ-សមត្ថកិច្ចនិចាត់វិធានការក្តៅ ព្រោះធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈប៉ះពាល់ ដល់សិទ្ធអ្នកដទៃ ។ បន្ទាប់ពីមានការសម្របសម្រួលណែនាំពីអាជ្ញាធខណ្ឌ ក្រុមអ្នកបើកបររថយន្តចង្កូតស្តាំបានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដោយឡែកអាជ្ញាធរក៍ បានទទួលយកសំណូមពររបស់ពួកគាត់ដាក់ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយអាជ្ញាធរខណ្ឌពុំមានសិទ្ធសម្រេចនោះទេ..៕
ដោយ៖ សណ្តោស
...