ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់ និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង២ និង១០នាទីទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបន្ទាប់ពីរកឃើញមានវត្ថុតាងជាក់ស្តែងនោះមាន ទី១-ឈ្មោះ សយ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ទី២-ឈ្មោះ ផ្លេក ដែន ភេទប្រុស អាយុ២៣ឆ្នាំ ។ ជនសង្ស័យទាំង២នាក់មិនមានមុខរបរពិតប្រាកដ បច្ចុប្បន្នរស់នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានសហការជាមួយនគរបាលប៉ុស្តិ៍ចេញល្បាតក្នុងដែនរដ្ឋបាលក្រុងតាខ្មៅ រហូតដល់វេលាម៉ោង២ និង១០នាទីទៀបភ្លឺថ្ងៃទី២៣ ខែ/ឆ្នាំដដែល កម្លាំងនគរបាលល្បាតបានប្រទះឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីភ្នំពេញមកក្រុងតាខ្មៅ ។ ឃើញដូច្នេះកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រកឃើញមានវត្ថុតាងថ្នាំញៀនក៏ឃាត់ខ្លួនវាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យទាំង២នាក់បានសារភាពថា ថ្នាំញៀនខាងលើនេះពួកគេបានទិញពីមេក្លោងដែលកំពុងលាក់ខ្លួននៅម្តុំឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ដោយ៖ ស្អាងជ័យ