ខេត្តកណ្តាល៖ លោកប្លុង វិសាល ចៅក្រមសេីុបសួរអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធចូលខ្លួនមកបំភ្លឺនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះដេីម្បីសាកសួរបន្ទាប់ពីទទួលពាក្យបណ្តឹងលេខ៤១៩ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ដែលដេីមបណ្តឹងប្តឹងសុំអោយតុលាការចេញសាលក្រមយកដីដុះចំណីទន្លេបាសាក់ជាដីរបស់រដ្ឋស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ។
ប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធដែលត្រូវបានលោកចៅក្រមកោះហៅនោះ ឈ្មោះ ញ៉ុល យឺត អាយុ៥០ឆ្នាំនិងឈ្លោះឆុន ម៉េន អាយុ៤៩ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ។
ស្ត្រីឈ្មោះឆុន ម៉េន បានបង្ហាញដីកា បន្ទាប់ពីរូបគាត់និងប្តីចូលមកឆ្លេីយបំភ្លឺតាមដីកាកោះតាមការកំណត់ រួចមក ក៏បានសំដែងនូវការក្តុកក្តួលប្រាប់អ្នកយកពត៌មានថារូបគាត់ទាំង២នាក់ប្តីប្រពន្ធរងនូវបណ្ដឹងពីបុគ្គលម្នាក់ឈ្មោះ ឈុន ប៉ន បានប្ដឹងធ្វេីទុក្ខបុកម្នេញពួកគាត់មកកាន់តុលាការខេត្ដកណ្ដាល ដោយមួលបង្កាច់ពីការពិត ដែលបុគ្គលមានអំណាចរូបនោះ ប្ដឹងចោទប្រកាន់ពួកគាត់ទាំងបំពានច្បាប់ ។
ស្រ្ដីខាងលើបានបន្ដថា៖ កន្លងមកឈ្មោះ ឈុន ប៉ន រូបនេះ បានប្ដឹងគាត់ទៅសាលាឃុំតាលន់ ទាមទារយកដីដុះចំណីទន្លេ ដែលគាត់បានអាស្រ័យផលជាច្រើនឆ្នាំមកហើយ ទើបមកដល់អំឡុងឆ្នាំ២០១៩នេះបុគ្គលឈ្មោះ ឈុន ប៉ន តេ គម្រាមនិងជេររូបគាត់ដូចស្រាតដើរ ដោយបង្ខំឲ្យគាត់ឈប់ដាំដុះលើដីចំណីទន្លេ ដែលជាដីកេរ្ដិ៍ពីម្ដាយរបស់គាត់ ។ ស្រ្ដីរូបនោះបន្ដថា គាត់និងប្ដីយល់ព្រមទទួលស្គាល់ថា ម្ដាយរបស់គាត់ពិតជាបានលក់ដីនោះមែន តែមិនមែនជាដីចំណីទន្លេនោះទេ គឺការលក់ទិញវាស់ម៉ែត្រទទឹងនិងបណ្ដោយត្រឹមត្រូវថែមទាំងមានបោះបង្គោលព្រំប្រទល់ទៀតផង តែបែជាឈ្មោះ ឈុន ប៉ន នៅតែទាមទារដីដុះចំណីទន្លេ ជាប់ដីគាត់ដែលទិញនោះ ដើម្បីកាន់កាប់មិនឲ្យគាត់អាស្រ័យផល ថែមទាំងដាក់ពាក្យបណ្ដឹងទៅសាលាឃុំតាលន់ តែអាជ្ញាធរឃុំមិនដោះស្រាយឲ្យខាងណាឈ្នះចាញ់ទេ ដោយសារតែដីចំណីទន្លេ ជាដីរបស់រដ្ឋ ។
លុះក្រោយមកបែជាឈ្មោះ ឈុន ប៉ន មកដាក់ពាក្យបណ្ដឹងនៅតុលាការខេត្ដកណ្ដាល ដោយចោទប្រកាន់គាត់ប្រើហិង្សាទៅលើបុគ្គលឈ្មោះ ឈុន ប៉ន ខុសពីការពិតទេីបតំណាងអយ្យការលោកសេង រិទ្ធី ក៏បានតម្កល់រឿងអត់ចាត់ការទេ។ តែបែជាលោកឈុន ប៉ក់ នៅតែបន្តប្តឹងសុំអោយតុលាការចេញសាលក្រមយកដីដុះចំណីទន្លេបាសាក់ទទឹង៥០ម៉ែត្របណ្តោយ២៣០ម៉ែត្រ ជាដីរបស់រដ្ឋរំលោភបំពានច្បាប់ដដែល។
ទាក់ទិននិងបណ្តឹងខាងលេីលោកមេឃុំតាលន់លោក ភីន លឹមបឿន បានប្រាប់ភ្នាក់ងារសាព័ត៌មានកន្លងមកឲ្យដឹងថា ៖ កន្លងមកឈ្មោះ ឈុន ប៉ន នេះបានមកដាក់ពាក្យបណ្ដឹងទាមទារយកដីដុះចំណីទន្លេ តែខ្ញុំ(មេឃុំ)មិនអាចដោះស្រាយចេញ ឬសម្រេចឲ្យអ្នកណាឈ្នះបានឡើយ ដោយសារតែដីនេះ ជាដីដុះចំណីទន្លេរបស់រដ្ឋ ។ ចំណែកភាគីដេីមបណ្តឹងលោកឈុន ប៉ន មិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទអត់ចូល៕
ដោយ៖ ស្អាងជ័យ