ខេត្ដស្វាយរៀង៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ សហការ ជាមួយកម្លាំងការិយាល័យជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាបឃាត់ខ្លួនកាលពីវេលាម៉ោង៤និង២០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ក្នុងភូមិ ប្រសូទ្រឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ពាក់ព័ន្ធលក់ថ្នាំញៀន ។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថាជនសង្ស័យមានឈ្មោះលី សុជា ភេទប្រុស អាយុ៣៣ឆ្នាំ មាន ស្រុកកំណើតនៅភូមិពញាក្រែក ឃុំ ពញាក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ បច្ចុប្បន្នមានប្រពន្ធរស់នៅភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ។
ប្រភពបន្ដថា ជនសង្ស័យឈ្មោះលី សុជា ជាអ្នកប្រើប្រាស់និងចែកចាយ គ្រឿងញៀនដោយនៅថ្ងៃកើតហេតុបានយកថ្នាំញៀនទៅលក់ឱ្យឈ្មោះសាញ់ សាវៀត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិប្រសូទ្រ ឃុំកណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្ដស្វាយរៀង។ ប៉ុន្ដែដោយ កម្លាំងបានស្រាវជ្រាវនិងតាមដានដឹង ថាជនសង្ស័យបានយកថ្នាំញៀនទៅលក់ នៅទឹកដីស្រុកស្វាយទាបទើបសហការ ជាមួយកម្លាំងការិយាល័យជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាបឃាត់ខ្លួនតែម្ដង ។
ប្រភពបន្ដថា ចំពោះវត្ថុតាងដែល សមត្ថកិច្ចរឹបអូសបានថ្នាំញៀនចំនួន៩ កញ្ចប់តូចប្រភេទម្សៅក្រាមពណ៌សថ្លា ហៅម៉ាទឹកកកផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកស្វាយទាប កសាងសំណុំរឿងបញ្ជូនបន្ដមកកាន់ស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀងដើម្បី ចាត់ការបន្ដតាមច្បាប់ ៕
ដោយ៖ យឹមសុថាន