ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើសុំនៅចំពោះមុខអ្នកដែលមានរថយន្ដ ធន់ធំ ដឹកដីចង្កូតស្ដាំទាំងអស់ ត្រូវទុកពេលឲ្យលោករយៈ១៥ថ្ងៃ ដើម្បីស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល . រឿងរថយន្តដឹកដី រ៉ែ និងថ្ម ដែលសុំកុំឱ្យមានការកែចង្កូតរថយន្តរបស់ពួកគេ ពីស្តាំទៅឆ្វេង។ លោកបានធ្វើការស្នើសុំបែបនេះ ក្នុងខណៈ ដែលអ្នកតំណាងអាជីវកម្មឡានដឹកដី ធន់ធំចង្កូតស្ដាំចំនួន៣៥នាក់ ចូលសុំឲ្យអាជ្ញាធរក្រុង ជួយអន្ដរាគមន៍ទៅរាជរដ្ឋាភិបាល ដើម្បីកុំឲ្យពួកគាត់កែចង្កូតឡានរបស់ខ្លួន កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥ ។
ក្នុងជំនួបរវាងអាជ្ញាធរ និងតំណាងអ្នករកស៊ីជួលរថយន្តដឹកដី រ៉ែ និងថ្ម ប្រមាណ៣៥នាក់ នៅសាលារាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ តំណាងអ្នករកស៊ីជួលរថយន្តដឹកដី រ៉ែ និងថ្ម បានបង្ហាញអំពីផលវិបាករបស់ពួកគេជាមួយនឹងការចំណាយច្រើន សម្រាប់ការដូរចង្កូតរថយន្តពីស្តាំទៅឆ្វេង ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ អ្នករកស៊ីជួលរថយន្តដឹកដីទាំងនោះ ក៏បានស្នើកុំឱ្យរាជរដ្ឋាភិបាលដូរចង្កូតរថយន្តរបស់ពួកគេផងដែរ ដោយពួកគេយល់ព្រមបង់ពន្ធដូចធម្មតា។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ចំពោះរឿងបង់ពន្ធនេះ លោកអនុញ្ញាត ប៉ុន្តែចំពោះរឿងសុំមិនឱ្យកែរ ចង្កូត ពីស្ដាំ ទៅឆ្វេងលោកសុំឱ្យពួកគេទុករយៈពេល១៥ថ្ងៃ ដើម្បីឱ្យអាជ្ញាធរបាន សុំគោលការណ៍ ទៅរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចំពោះសំណើរនេះ ។
សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមអ្នករកស៊ីរថយន្តបែនដឹកដី ដឹកថ្ម និងដឹកខ្សាច់ បាននាំគ្នាតវ៉ា ជាទ្រង់ទ្រាយធំតាមរយ:យករថយន្តរបស់ពួកគេប្រមាណ ១០០គ្រឿង ទៅបិទផ្លូវជាតិ លេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដោយទាមទារទៅអាជ្ញាធរ អនុគ្រោះជូនពួកគេ តាមរយ:ឲ្យបង់ពន្ធជូនរដ្ឋ ប៉ុន្តែមិន កែរ ចង្កូត ពីស្តាំទៅឆ្វេងនេះទេ ព្រោះពួកគាត់យល់ថា មិនមានគុណភាព និងអស់លុយច្រើនណាស់ ប្រសិនបើកែ ចង្កូត ពីស្ដាំ ទៅឆ្វេង រថយន្ដទម្ងន់១៦ តោនតម្លៃ១៥០០ដុល្លារ ទៅ ១៧០០ដុល្លារ ៕
ដោយ៖ សំរិត