របាយការណ៍អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល២០០នាក់បានបាត់បង់ជីវិតដោយសារតែការវាយប្រហារតាមដែនអាកាសរបស់កងកម្លាំងទាហានប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរី។ តាមការស៊ើបអង្កេត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កងកម្លាំងយោធារុស្ស៊ីបានវាយប្រហារតាមដែនអាកាសជាង២៥លើក ។
អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា កងកម្លាំងទាហានរុស្ស៊ីមិនបានគោរពច្បាប់មនុស្សធម៌អន្តរជាតិនោះឡើយនៅក្នុងការវាយប្រហារនេះ ។
ទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងថា សកម្មភាពវាយប្រហារពីលើដែនអាកាសនៅក្នុងទឹកដីស៊ីរីរបស់ខ្លួនបណ្តាលឲ្យមានជនស៊ីវិលបាត់បង់ជីវិត ហើយបានបញ្ជាក់ដែរថា ការពិព័រណ៍នាបែបនេះជាផ្នែកមួយនៃព័ត៌មានចង់បង្កសង្គ្រាម ។
រដ្ឋាភិបាលរុស្ស៊ីបានសម្រេចចិត្តធ្វើយុទ្ធនាការវាយប្រហារតាមដែនអាកាសប្រឆាំងគោលដៅទៅលើក្រុមរដ្ឋអិស្លាម និងក្រុមដទៃផ្សេងទៀតនៅក្នុងទឹកដីស៊ីរីកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ។ រុស្ស៊ីបានអះអាងថា សកម្មភាពរបស់ខ្លួនធ្វើឡើងតាមរយៈការស្នើសុំពីប្រធានាធិបតីស៊ីរី លោកបាសា អាល់អាសាដ តែប៉ុណ្ណោះ ។
កងកម្លាំងទាហានរុស្ស៊ីត្រូវគេចោទប្រកាន់ថា បានទម្លាក់គ្រាប់បែកទៅក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី ។ ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីទទួលបានការគាំទ្រពីលោកខាងលិច ។
របាយការណ៍អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់ថា ខ្លួនបានបើកការស្រាវជ្រាវអំពីសកម្មភាពវាយប្រហាររបស់កងកម្លាំងទាហានរុស្ស៊ីនៅក្នុងទឹកដីស៊ីរី ទីក្រុង Homs, Hama, Idlib, Latakia និងនៅទីក្រុង Aleppo ក៏ដូចជាស្រង់របាយការណ៍ពីក្រុមគ្រូពេទ្យ និងសកម្មជនសិទ្ធិមនុស្ស និងការធ្វើសម្ភាសន៍ជាមួយសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក ព្រមទាំងក្រុមអ្នកជំនាញដទៃផ្សេងទៀតផងដែរ ។
ប្រភពខាងលើនេះបានលើកយកសកម្មភាពវាយប្រហារ៦លើកមកបញ្ជាក់យ៉ាងពិស្តារនៅក្នុងរបាយការណ៍របស់ខ្លួន។ របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ជាឧទាហរណ៍ជនស៊ីវិល៤៩នាក់បានបាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតរងរបួស ក្រោយពីមីស៊ីល៣គ្រាប់បានធ្លាក់ទៅក្នុងផ្សារមួយកន្លែងក្នុងតំបន់ Ariha ខេត្ត Idlib ។
អង្គការលើកលែងទោសដដែលក៏បានបញ្ជាក់ទៀតថា ខ្លួនបានរកឃើញភស្តុតាងបញ្ជាក់ថា កងកម្លាំងទាហានរុស្ស៊ីប្រើប្រាស់អាវុធខុសច្បាប់ វាយប្រហារទៅកាន់ទីប្រជុំផងដែរ។
រហូតមកដល់ពេលនេះ មន្ត្រីរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយណាមួយជាសាធារណៈទាក់ទងរបាយការណ៍ចោទប្រកាន់ខាងលើនេះរបស់អង្គការលើកលែងទោសអន្តរជាតិនៅឡើយទេ ។
កាលពីពេលថ្មីៗនេះ វិមានក្រឹមឡាំងធ្លាប់បានហៅការថ្លែងក្នុងរបាយការណ៍ស្រដៀងគ្នាទៅនឹងបាយការណ៍អង្គការលើកលែងទោសអន្តរជាតិនេះថា ជាចេតនាបង្ខូចកេត្យានុភាពនៃកិច្ចប្រតិបត្តិការរបស់រុស្ស៊ីនៅលើទឹកដីស៊ីរី ៕
ប្រែសម្រួល៖ ថាច់ យ៉ាត