ខេត្តកណ្តាល៖ នៅតាមបណ្តាព្រែកនានាក្នុងស្រុកលើកដែកស្ទើរគ្រប់ព្រែកគេសង្កេតឃើញគេដាក់ដាយដើម្បីចាប់ត្រីលក់ជ្រកក្រោមឈ្មោះសហគមន៍គឺដាក់យកត្រីអោយប្រជាជនធ្វើប្រហុក ផ្អក និងលក់យកប្រាក់មកស្តារព្រែក ឬអភិវឌ្ឍន៍ភូមិឃុំ ។ តែសកម្មភាពនេះ ត្រូវបានប្រជាពលរដ្ធរិះគន់យ៉ាងខ្លាំងថា ការដាក់ដាយនោះគឺធ្វើដើម្បីផលប្រយោជន៍ បក្ខពួកប្រធានសហគមន៍ មន្ត្រីជំនាញ និងអាជ្ញាធរប៉ុណ្ណោះ ព្រោះការដាក់ដាយនេះគឺច្រើនឆ្នាំកន្លងមកហើយ តែពួកគាត់ពុំដែលបានត្រីមកធ្វើប្រហុកផ្អកនោះទេ គឺត្រូវទិញទើបបាន ឯការអភិវឌ្ឍន៍ផ្សេងៗគឺមានលក្ខណៈតូចតាចមិនសមនឹងប្រាក់ដែលបានពីការលក់ត្រីនោះទេ ។
ពាក់ពន្ធ័បញ្ហានេះ លោក សុខ ភាព ជាប្រធានសហគមន៍ព្រែកដម្បាញបានបញ្ជាក់ថា សហគមន៍បង្កើតឡើងមានការផ្តិតមេដាយគាំទ្រពីសំណាក់ប្រជានេសាទ ហើយប្រាក់ដែលរកបានគឺយកមកស្តារព្រែកទប់ទំនុបចុងព្រែក ហើយការដាក់ដាយនោះពុំសូវបានផលត្រីនោះទេព្រោះប្រជាជននេសាទ(ដាក់ឡុក)នៅកន្ទុយព្រែកឡើងណែនពុំខ្លាចសមត្ថកិច្ចនោះទេ អញ្ចឹងពុំមានប្រាក់យកទៅអភិវឌ្ឍន៍អ្វីបានច្រើននោះដែរ។
ប្រជាពលរដ្ធបានចោទថា សហគមន៍ព្រែកនិមួយៗក្នុងមួយឆ្នាំៗផលបានពីការលក់ត្រីគឺរាប់សិបលានរៀលឯការយកមកចំណាយដើម្បីអភិវឌ្ឍន៍ព្រែកមិនដល់១០លានរៀលផង ប្រាក់សល់ពីនោះគឺពួកគេចែកជាមួយមន្ត្រីជំនាញនិងអាជ្ញាធរអស់ហើយនិយាយអោយខ្លីគឺគេចែកបក្ខពួកគ្នាគេមិនសូវយកទៅអភិវឌ្ឍន៍ភូមិឃុំនោះទេ។
ចំណែកសហគមន៍ឡូត៍នេសាទវិញ គឺមិនខុសពីសហគមន៍ព្រែកដម្បាញនោះទេមានឈ្មោះថាសហគមន៍គឺបង្កើតឡើងតែបក្ខពួកគ្នាគេដែលជាអតីតថៅកែឡូត៍ចាស់ហើយគេបង្កើតថាដើម្បីអភិរក្សត្រីក្នុងតំបន់ឡូត៍នេសាទ តែសកម្មភាពនេះមានតែពេលថ្ងៃ ឯពេលយប់គឺពួកសហគមន៍នេះតែម្តងបានបើកដៃអោយពួកឈ្មួញជនជាតិវៀតណាមនេសាទមា៉សេរី លុះពេលថ្ងៃ ពួកគេហាមប្រជានេសាទមិនអោយចូលនេសាទនោះទេ ។ ដោយឃើញនូវសកម្មភាពអាក្រក់របស់មន្ត្រី រួមនឹងសហគមន៍នោះ ពួកគាត់ក៏នាំគ្នានេសាទ(ដាក់ឡុក)ដែរ ដោយពោលថា ពួកគេធ្វើបាន ពួកគាត់ក៏ធ្វើបានដែរ ព្រោះពួកគាត់ក៏ជាប្រជាជនខ្មែរដែរ បើហាម គឺហាមទាំងអស់គ្នាទៅ កុំហាមតែពួកគាត់ ឯបក្ខពួកមន្ត្រីជ្រកក្រោមស្លាកសហគមន៍ បែរជារួចខ្លួន។ ដោយការអនុវត្តច្បាប់គ្មានតម្លាភាព និងគ្មានយុត្តិធម៌ ទើបធ្វើអោយប្រជាពលរដ្ធមានកំហឹង និងប្រព្រឹត្តបទល្មើសនេសាទដោយគ្មានខ្លាចញញើតសមត្ថកិច្ចឡើយបច្ចុប្បន្ននេះ ជាហេតុធ្វើអោយធនធានមច្ឆជាតិវិនាសហិនហោចពី១ឆ្នាំទៅ១ឆ្នាំ ក្រោយពីរាជរដ្ឋាភិបាលកាត់រំសាយឡូត៍នេសាទទូទាំងប្រទេសរួចមក គេសង្កេតឃើញជំនាញជលផលជិះសេះលែងដៃ គ្មានវិធានការបង្ក្រាបបទល្មើសនេសាទឡើយ ៕
ដោយ៖ ស្អាងជ័យ