ខេត្តកណ្តាល៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំចាប់ខ្លួននៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពាក់ព័ន្ធករណីជនសង្ស័យយកដំបងឈើវាយក្បាលបុរសម្នាក់ទៀតកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បណ្តាលអោយរងរបួសធ្ងន់ ។
ជនសង្ស័យមានឈ្មោះង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកជនរងគ្រោះមានឈ្មោះមិន ឈឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រងរបួសក្បាលធ្ងន់ ។
ជនសង្ស័យនិងជនរង គ្រោះមានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ត្រូវជាបងប្អូន ជីដូនមួយ និងគ្នាផងដែរ ។
លោកយឹម សុខុម នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំបានអោយដឹងថា នៅល្ងាចថ្ងៃទី២២ ខែធ្នូ ជនរងគ្រោះនិងម្តាយបានណែនាំប្អូនប្រុសកុំអោយដើរផឹកស៊ី និងសេពគ្រឿងញៀនតទៅទៀត ។ ពេលនោះជន សង្ស័យគិតថា ជនរងគ្រោះ ដៀមដាមអោយខ្លួន ក៍កើតការខឹងសម្បារស្ទុះទៅយកដំបងឈើវាយក្បាលជនរងគ្រោះពីក្រោយបណ្តាលអោយរយៈដេរជាច្រើនថ្នេរ ។ បន្ទាប់ពីបង្កហេតុជនសង្ស័យបានគេចពីភូមិមកលាក់ខ្លួននៅភ្នំពេញកន្លែងធ្លាប់ធ្វើសំណង់ ។ លុះដល់រសៀលថ្ងៃ ទី២៣ ខែធ្នូ ជនសង្ស័យបាន ត្រឡប់ចូលភូមិវិញក្នុងបំណងសុំការអនុគ្រោះពីក្រុមគ្រួសា។
លោកនាយប៉ុស្តិ៍បានបន្ត ថា ករណីចាប់ខ្លួនជនសង្ស័យ រូបនេះគឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសាររងគ្រោះ ហើយជនសង្ស័យគឺជា មុខសញ្ញាទំនើងនៅក្នុងមូល ដ្ឋាន ថែមទៀតផង ដូច្នេះទុក អោយច្បាប់ជាអ្នកសម្រេចទៅចុះ ។
ក្រោយចាប់ខ្លួនជន សង្ស័យត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកផនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សណ្តោស