ជាលើកទីមួយដែលតុលាការកំពូលអាមេរិកកាត់ក្តីឲ្យប្រធានាធិបតីដូណាលត្រាំឈ្នះ នៅក្នុងការសាងសង់ជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ ទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់។ កន្លងមក តុលាការនៅក្នុងរដ្ឋជាច្រើនបានកាត់ក្តីឲ្យលោកត្រាំ ចាញ់ ទើបតែតុលាការកំពូល កាត់ឲ្យឈ្នះ។
ជាមួយគ្នានេះ តុលាកាកំពូលអនុម័តឲ្យចំណាយប្រាក់២,៥ពាន់លានដុល្លារសង់ជញ្ជាំងព្រំដែន ។ ក្រោយការអនុម័ត ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ដោយគោលនយោបាយរបស់លោក បានសម្រេចដូចបំណង បន្ទាប់ពីតុលាការកំពូល អាមេរិកបានអនុម័តឲ្យចំណាយថវិការ ២,៥ពាន់លានដុល្លារ សាងសង់ជញ្ជាំងព្រំដែន ជាប់ប្រទេសម៉ិចស៊ីកូ។
កាលពីថ្ងៃទី២៦ខែកក្កដា តុលាការកំពូលអាមេរិក បានប្រកាសថារដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ អាចនឹងប្រើប្រាស់ ប្រាក់ចំនួន២,៥ពាន់លានដុល្លារ ដែលសភាអនុម័តឲ្យទៅក្រសួងការពារជាតិ ដើម្បីសាងសង់ ជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ ទប់ស្កាត់ជនភៀសខ្លួន ឆ្លងចូលអាមេរិកខុសច្បាប់។
ក្រោយទទួលបានព័ត៌មានខាងលើ ប្រធានាធិបតីដូណាល់ត្រាំបានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «ជាជ័យជំនះយ៉ាងធំធេងសម្រាប់ជញ្ជាំងព្រំដែន។ តុលាការកំពូលបានសម្រេចច្រានចោលរាល់សំណើរ ពីតុលាការផ្សេងៗទៀត ដោយអនុញ្ញាតឲ្យសាងសង់ជញ្ជាំងនៅតំបន់ភាគខាងត្បូង ។ ទាំងនោះជាជ័យជំនះយ៉ាងធំធេង សម្រាប់សន្តិសុខនៅព្រំដែន »។
នៅពេលនេះរដ្ឋាភិបាលអាមេរិក និងប្រើប្រាស់ទឹកប្រាក់ខាងលើដើម្បីសាងសង់ជញ្ជាំង ព្រំដែន នៅជាប់រដ្ឋ Arizona, California និង New Mexico ។ កន្លងមក សភាអាមេរិក អនុញ្ញាតឲ្យចំណាយប្រាក់តែ១,៤ពាន់លានដុល្លារ ប៉ុណ្ណោះ សម្រាប់សងសង់ជញ្ជាំង ។ ប៉ុន្តែប្រធានាធិបតីត្រាំបានខិតខំបញ្ចុះបញ្ចូល ស្នើសុំប្រាក់បន្ថែមទៀត ដើម្បីសាងសង់តំបន់ព្រំដែនភាគខាងត្បូង ដែលមានជនភៀសខ្លួនជាច្រើនព្យាយាមចូលទឹកដីអាមេរិក ៕
ដោយ៖ មែវ សាធី