ខេត្តកំពង់ធំ៖ លោកឃុន ប៊ុនហូរ មេបញ្ចាការកងរាជអាវុធហត្ថស្រុកស្ទោងតំណាងអោយ លោក ហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំយកអំណោយដើម្បីជួយធ្វើបុណ្យសព បុរសម្នាក់ឈ្មោះ ធឹក សុធី ដែលបានដេកឈឺស្លាប់នៅលើគ្រែដោយគ្មាននរណាដឹង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១ និង២០នាទីរសៀល នៅក្នុងភូមិ បឹងលៀស សង្កាត់អូរកន្ធោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
បើតាមប្រភពពត័មានពីអ្នកភូមិបានអោយដឹងថា ជនរងគ្រោះគ្មានម៉ែឪបងប្អូនទេ មករស់នៅជាមួយក្រុមគ្រួសារបងជីដូនមួយឈ្មោះ នៅ ថែ អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ សុខ សំអាង អាយុ៤៦ឆ្នាំ អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយបងជីដូនមួយនេះមានកូន១២នាក់ សព្វថ្ងៃប្រកបមុខរបរ រកត្រីបែបលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវិតក្នុងសភាពក្រលំបាក់តោកយ៉ាកជាទីបំផុត រកព្រឹកខ្វះល្ងាច រស់នៅក្នុងខ្ទមស្លឹកដោយពោរពេញដោយក្ដីអស់សង្ឃឹម និងសូមអំពានាវ រកសប្បុរសធម៍ដើម្បីជួយផ្ដល់ទីជំរកដល់គាត់ផង ចំណែកកូន តូច២ពុំទាន បានចូលរៀននៅឡើយ ហើយហូបចុកមិនគ្រប់គ្រាន់ ចំណែកកូនធំ២នាក់បានទៅធ្វើការសំណង់ បានកំរៃតិចតួចមិនអាចទប់ទល់និងជីវភាពបាន។
ចំណែកអំណោយកងរាជអាវុធហត្ថស្ទោង ដែលបានចូលរួមជូនថវិកាក្នុងពិធីបុណ្យសពនេះមាន លោក ឃុនប៊ុនហូរ ជូនថវិការ៤០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម លោក សេង ប៊ុនតេង ២០ម៉ឺន រៀល លោក លី កញ្ញារិទ្ធ ១០ម៉ឺនរៀល ទឹកក្រូច២កេះ លោក សឿន សាម៥ម៉ឺនរៀល លោក ប៊ុន លី ៤ម៉ឺនរៀល លោកទ្រី វណ្ណដន ទឹកសុទ្ធ១០យួរ សរុប ៨០ម៉ឺន រៀល ព្រមទាំងសប្បុរសជន សំរាប់ចាត់ចែងពិធីបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ៕
ដោយ៖ ប៊ុន រិទ្ធី