តំបន់ព្រំដែនកាស្មៀរ រវាង ប៉ាគីស្ថាននិងឥណ្ឌ មិនទាន់ស្ងាប់ស្ងាត់នៅឡើយទេ បើទោះបីមេដឹកនាំប្រទេសទាំងខិតខំដើម្បីឈានដល់សន្តិភាពនៅក្នុងតំបន់ ។ កាលពីថ្ងៃទី ៣០ខែកក្កដា ទាហានឥណ្ឌា បានបើកការបាញ់ប្រហារ ដោយកាំភ្លើងត្បាល់ នៅតំបន់ ព្រំដែន«ស»(LOC) នៅកាស្មៀរបណ្តាលឲ្យពលរដ្ឋស្លាប់និងរបួស ៩នាក់។
ប្រភពព័ត៌មានពី កងកម្លាំងយោធាប៉ាគីស្ថាន បានថ្លែងការណ៍ថា ទាហានឥណ្ឌាបានបើកការបាញ់ប្រហារ លើគោលដៅជាទីតាំងជនស៊ីវិលរស់នៅផ្សេងៗគ្នា តាមតំបន់ដែនដីកាស្មៀរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន ។ មនុស្សដែលរងរបួស រួមមាន ស្ត្រី និងកុមារ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ប្រភពបន្តថា ទាហានប៉ាគីស្ថាន បានឆ្លើយតគោលដៅនោះ ភ្លាមៗប្រកបដោយប្រសិទ្ធភាព ហើយបើតាមរបាយការណ៍ថា ហានឥណ្ឌា៣នាក់បានស្លាប់ និងរបួសជាច្រើននាក់ ។ ក្រៅពីនោះ ក៏មានការខូចខាតប៉ុស្តិ៍យាមកាមរបស់ពួកគេថែមទៀតផង ។
កងទ័ពជាច្រើនត្រូវបានដាក់ពង្រាយ នៅទល់មុខព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន។ ដែនដីនៅទីនោះ មិនទាន់មានការបែងចែកដាច់ស្រេចនោះឡើយ ហើយជានិច្ចកាលភាគីទាំងពីរតែងតែបំផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០០៣ ភាគីទាំងពីរបានចុះព្រមព្រៀង ឈប់បាញ់គ្ននា នៅតំបន់កាស្មៀរ តែកិច្ចព្រមព្រៀងនោះ ត្រូវបានរំលោភបំពាន។
នៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀត ក្នុងប្រទេស ប៉ាគីស្ថាន កាលពីយប់ថ្ងៃ ទី៣០ ខែកក្កដា មានករណីបំផ្ទុះគ្រាប់បែកមួយ នៅជិតទីស្នាក់ការប៉ូលិស នៅទីក្រុង Quetta ស្ថិតនៅភាគខាងលិច ប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស ៣២នាក់ស្លាប់ និងរបួស។
ស្នងការប៉ូលិសទីក្រុង Quetta លោក Abdul Razzaq Cheema បានប្រកាសថា ម៉ូតូមួយគ្រឿង បានបំផ្ទុះឡើង នៅជិតរថយន្តដឹកទំនិញ ដែលចតនៅខាងក្រៅទីស្នាក់ការប៉ូលិស នៅមជ្ឈមណ្ឌលផ្សារទំនើបដែលមានមនុស្សច្រើន។ ការបំផ្ទុះនោះ បានសម្លាប់មនុស្ស៥នាក់ ក្នុងនោះមានប៉ូលិស២នាក់ និង២៧នាក់រងរបួស ក្នុងនោះមានស្ត្រីពីរនាក់និងកុមារម្នាក់ផងដែរ។
កាលពីមួយសប្តាហ៍កន្លងមកនេះ ក៏មានហេតុការណ៍បំផ្ទុះដូចគ្នានេះដែរ បានកើតឡើង នៅក្នុងទីក្រុងខាងលើ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង១៦នាក់ផ្សេងទៀត រងរបួស ។
អំពើហិង្សានៅក្នុងខេត្ត Baluchistan ស្ថិតនៅជិតព្រំដែនត្រីកោណ រវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយអ៊ីរ៉ង់ បានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ នៅក្នុងតំបន់នោះ ដែលមានការវិនិយោគច្រើន៕