កូរ៉េខាងត្បូងកោះប្រជុំមន្ត្រីសន្តិសុខជាបន្ទាន់ក្រោយកូរ៉េខាងជើងបន្តបាញ់មីស៊ីល

ចែករំលែក៖

នៅថ្ងៃទី​៣១ខែកក្កដា នេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំមន្ត្រីសន្តិសុខជាបន្ទាន់ ក្រោយពេលកូរ៉េខាងជើង បាញ់មីស៊ីលពីរគ្រាប់នៅព្រឹកនេះ ។ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក​ Chung Eui Yong ដឹកនាំការប្រជុំ ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោក Chung Eui Yong បានបញ្ជាក់ថា បញ្ហាសន្តិសុខជាតិ ត្រូវបានពិភាក្សា​ ជា​ពិសេស ដើម្បីចាត់វិធានការ ការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្រោយពេលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ។

មកទល់ពេលនេះមិនទាន់ឃើញមានប្រតិកម្មអ្វីពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំនោះឡើយ ។ ប៉ុន្តែការបាញ់មីស៊ីលនាពេលកន្លងមក លោកត្រាំ​ បានការពារលោកគីមជុងអ៊ុន ថា ជាមីស៊ីលធម្មតា ដូចប្រទេសផ្សេងទៀត បានសាកល្បង មិនគំរាមកំហែងដល់ប្រទេសណាឡើយ​។

យោងតាមសារព័ត៌មាន យ៉ុនហាប់ បានផ្សាយ​នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ថា នាយសេនាធិការចម្រុះ​របស់រដ្ឋាភិបាលកូរ៉េខាងត្បូង​​បានថ្លែងថា កូរ៉េខាងជើង​បានបាញ់មីស៊ីល​ជាច្រើន​គ្រាប់ ប៉ុន្តែមីស៊ីល​ទាំងនោះ មិនត្រូវបានស្គាល់ថា ជាប្រភេទ​អ្វីនោះទេ ហោះហើររវាងចន្លោះពី​២៤០គីឡូម៉ែត្រ និង​៣៣០គីឡូម៉ែត្រ ។ ការបាញ់សាកល្បងនោះ កូរ៉េខាងជើងបានធ្វើឡើង​នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩​នេះ ។

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង​បានថ្លែងទៀតថា មីស៊ីលទាំងនោះ​បានបាញ់ចេញ​ឆ្ពោះទៅទិសខាងកើត បាញ់ចេញពីខេត្ត South Hamyong ឈូងសមុទ្រភាគខាងកើត​របស់កូរ៉េខាងជើង ។ នៅពេលនេះ មន្ត្រីរបស់កូរ៉េខាងត្បូង​បាននិងកំពុងបន្តតាមដាន​យ៉ាងយកចិត្តទុក​ទីតាំងខាងលើនេះ ក្នុងករណីមានការបាញ់បន្ថែមទៀតឬយ៉ាងណា ។ នេះបើតាមសេចក្តីថ្លែងការរបស់​នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ។

អ្នកនាំពាក្យមួយរូប​នៃក្រសួងការបរទេស​អាមេរិក​ បានផ្តល់ព័ត៌មាន​ដល់ភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង​ថា មន្ត្រីអាមេរិក បានដឹងអំពី​របាយការណ៍​ការបាញ់សាកល្បងមីស៊ីល​របស់កូរ៉េខាងជើង​នោះដែរ ហើយថា បញ្ហានេះ បាននិងកំពុងស្ថិតក្រោមការតាមដាន ។ ប៉ុន្តែទោះបីប៉ែបណា ក្រសួងការពារជាតិជប៉ុន​បានថ្លែងថា មិនមានមីស៊ីលបាល្លីស្ទិក​​​ណាមួយនោះទេ ចូលក្នុងទឹកដីរបស់ខ្លួន ឬចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ​នោះ ។

ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង​នៅពេលនេះ មិនដល់​មួយសប្តាហ៍ផង បន្ទាប់ពីកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កូរ៉េខាងជើង​បានបាញ់មីស៊ីល​បាល្លីស្ទិក​រយៈចម្ងាយខ្លី២គ្រាប់​ទៅកាន់សមុទ្រជប៉ុន ជិតទីក្រុង Wonsan ។

ក្រោយការបាញ់មីស៊ីលនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកមិនមានការព្រួយបារម្ភ​នោះឡើយ តាំងតែទំនាក់ទំនង​ល្អរបស់គាត់​ជាមួយ​មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ ទីក្រុងព្យុងយ៉ាង​បានអះអាងថា ការសាកល្បងមីស៊ីល​នោះ ជាសារមួយ​ផ្ញើទៅកាន់កូរ៉េខាងត្បូង​ឲ្យបោះបង់​កម្មវិធី​អាវុធថ្មីៗ និងបញ្ឈប់គម្រោងសមយុទ្ធជាមួយអាមេរិក​នោះទៅ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print