លោកផ្កាយ២ ភឿន ផល្លា មេរងអង្គភាព “ង៧០”ក្លាយជា ឧកញ៉ាស៊ីដីល្បីពេញ ខេត្តព្រះសីហនុ និងជាយក្រុងភ្នំពេញ ក្នុងល្បិចលោតឆ័ត្រ  

ចែករំលែក៖

ភ្នំពេញ៖ បើនិយាយពីឈ្មោះ លោកឧត្តមសេនីយ៍ទោ ភឿន ផល្លា មួយរយៈចុងក្រោយនេះ ពិតជាមានមនុស្សរាប់ពាន់នាក់ ជាប្រជាពលរដ្ឋ,មន្ត្រីរាជការ,ជំនាញ,អ្នកធំ,អ្នកជំនួញ,ឧកញ៉ា,កងកម្លាំងសមត្ថកិច្ច។ល។ បានឮ បានដឹង និងទទួលស្គាល់ថា (ឧកញ៉ាស៊ីដីមួយរូបដ៏ល្បីខាងជំនាញរត់ការយកប្រជាពលរដ្ឋជាខែលមានស្នាមផ្តិតមេដៃដើម្បីរត់ការ (សណជ) យកដីគម្របព្រៃ, រំលោភយកដីអ្នកដទៃ,ទិញខ្លះ រំលោភខ្លះ បន្លំខ្លះ យកទាហានទៅបន្លាចឈលើទីតាំងដីមានទំនាស់ ក្នុងនោះក៏ធ្លាប់ហ៊ានលួចប្រើឡានស៊េរ៉ែនរបស់អង្គភាពកងពលតូចលេខ៧០ទៅ អំនួតបំបាក់ស្មារតីគូភាគីទំនាស់ជាដើម។
អ្នកស្គាល់ឈ្មោះ លោក ភឿន
ផល្លា ដែលមានតួនាទីជាឧត្តមសេនីយ៍ផ្កាយពីរនៅអង្គភាព “ង៧០” ល្បីល្បាញខាងដើរស៊ីដីនៅខេត្តព្រះសីហនុនិងជាយក្រុងភ្នំពេញរាប់រយ ហិកតា រហូតដល់គេផ្តល់ងារថា “ឧកញ៉ាស៊ីដី ឬឧកញ៉ាពស់វែក” បានទស្សន៍ទាយថា ជនរូបនេះអាចប្រឈមមុខនិងផ្លូវច្បាប់ ប្រសិនបើប្រើឥទ្ធិពលហួសព្រំដែនកំណត់ និងប៉ៈពាល់អង្គភាពកងពលតូចលេខ៧០ ដែលជាស្ថាប័នកងទ័ព និងយកទាហានទៅធ្វើការខុសតួនាទីភារកិច្ច។
ជនផ្កាយ២ ភឿក ផល្លា បានតំណែងជារង កងពលង៧០ ដ៏តក់ក្រហល់ អាចឥទ្ធិពលលុយ ប៉ុន្តែយកអំណាច តួនាទី ទៅធ្វើការបម្រើអោយផលប្រយោជន៍ខ្លួនឯង។ ខណៈ
ជាច្រើនឆ្នាំមកហើយ ទោះជាមានមនុស្សរាប់រយនាក់បានធ្វើការប្តឹងផ្តល់ក៏ដោយ ក៏ឈ្មោះ ភឿន ផល្លា នៅតែខ្លាំង ព្រោះតែគាត់មានតួនាទីនៅអង្គភាព “ង៧០” និងកូនចៅជាមន្រ្តីយោធាមួយចំនួនបំពាក់ដោយគ្រឿងចក្រដើម្បីដាក់ពង្រាយនិងវាតយកដីតែម្តង។
សូមបញ្ជាក់ថា៖ ជននេះមានសារបាណត្រួសៗដែលប្រជាពលរដ្ឋបានប្តឹងឈ្មោះ គាត់ លោកឧកញ៉ា ភឿន ផល្លា ជាបន្តបន្ទាប់ ក្នុងនោះរួមមានករណីមួយលេចធ្លោបំផុតដែល ភឿន ផល្លា ហ៊ានបន្លំឯកសារចំណាររបស់សម្តេចនាយករដ្ឋមន្រ្តី ហើយនៅតែគ្មាននរណាអាចធ្វើអ្វីគាត់បានឡើយ ក្នុងនោះមិនទាន់ដឹងពីថ្នាក់ដឹកនាំ ជំនាញកម្រិតណានៅពីក្រោយជននេះ។ បច្ចុប្បន្នបានបើកសាលាឯកជនមួយចំនួនជាមធ្យោបាយ ទទួលបានចំណូលក្នុងរង្វង់ច្បាប់លើវិស័យអប់រំ ស្របតាមនីតិរដ្ឋ។ ផ្ទុយទៅវិញគំនរលុយ ចំហាយអំណាចកើតចេញពីមុខរបររៀបចំជំនាញធ្វើឯកសារដីធ្លី ពីខ្មៅទៅស និងទិញដីមានរឿងជំនួញក្តី យកមេដៃប្រជាពលរដ្ឋស្នើរាជរដ្ឋាភិបាលឆ្វៀលដីគម្របព្រៃ ស្ថិតក្នុងព្រះរាជ្យក្រិត្យ ចែកអោយពលរដ្ឋតិចតួច រួចហែកចែកប្រយោជន៍ចែកគ្នារឿងដីធ្លីនេះជាមួយ អាជ្ញាធរ ជំនាញ ។
ខាងក្រោមនេះជាបណ្តឹងខ្លះទៅលើបុគ្គល ផ្កាយ២ ភឿន ផល្លា និងសូមពិនិត្យមើលបណ្តឹងដូចតទៅនេះ៖
ទី១-លោក គឹម ចំណាន តំណាងប្រជាពលរដ្ឋចំនួន៣៧គ្រួសារ នៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងឧត្តមសេនីយ៍ទោ ភឿន
ផល្លា និងលោក លឹម សុជាតិ ក្រោយពីបែកធ្លាយឯកសារ រឿងដី១៩២.៩០ ហិកតា ដែលឈ្មោះបុគ្គលទាំងពីរនាក់នេះ បានប្រើមេដៃពួកគាត់ដើម្បីសុំសិទ្ធិស្របច្បាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែនៅពេលដែលសម្តេចហ៊ុន សែន លោកសម្រេចផ្តល់ជូនប្រជាពលរដ្ឋ ស្រាប់តែមានឈ្មោះ ភឿន ផល្លា និងលោក លឹម សុជាតិ តែពីរនាក់ជាអ្នកគ្រប់គ្រងលើដី១៩២.៩០ហិកតា នេះទៅវិញ ហើយប្រជាពលរដ្ឋដែលរស់តំបន់នោះត្រូវបាត់បង់អស់រលីង។ ក្នុងនោះ លោក គឹម ចំណាន តំណាងអោយប្រជាពលរដ្ឋចំនួន៣៧គ្រួសារ បានថ្លែងថា ពួកគាត់មិនគិតស្មានថា ឈ្មោះ ភឿន ផល្លា និង លោក លឹម សុជាតិ បោកពួកគាត់ទេ ហើយក៏មិនជឿថាគាត់ហ៊ានបំពានចំណាររបស់
សម្តេចហ៊ុន សែនដែរ។ លោកបន្តថា ឈ្មោះ ភឿន ផល្លា និង លោក លឹម សុជាតិ បានមកប្រាប់ពួកគាត់និងសុំអោយពួកគាត់ផ្តិតមេដៃដើម្បីដាក់ជួនប្រមុខរាជរដ្ឋាភិបាលក្នុងបំណងសុំគោលការណ៍កាត់ឆ្វៀលដីជូនពួកគាត់ ប៉ុន្តែក្រោយពីទទួលបានចំណារឯកភាពពីសម្តេច ស្រាប់តែមានឈ្មោះភឿន ផល្លា និង លោក លឹម សុជាតិ ទៅវិញ។ នៅក្នុងបណ្តឹងប្រជាពលរដ្ឋទាំង៣៧គ្រួសារ សូមស្នើយ៉ាងទទួចដល់ស្ថាប័នពាក់ព័ន្ឋទាំងអស់ ជាពិសេសសម្តេច ហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង ព្រោះពួកគាត់បានបាត់បង់ទីលំនៅទាំងស្រុង។ ឯកសារភស្តុតាងរួមមាន៖ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ១៩១ អនក្រ.បក ដោយមានចំណារនិងចុះហត្ថលេខាដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ និងចំណារហត្ថលេខារបស់សម្តេច តេជោ ហ៊ុន សែន ចុះថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០១៧ ស្តីពីផែនទីកំណត់តំបន់សហគមន៍នៃតំបន់ឧទ្យានជាតិព្រះសីហនុ-រាម លើផ្ទៃដីទំហំ ១៩២.៩ ហិកតា ស្ថិតនៅភូមិសាស្រ្ត ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ទី២-ពាក្យបណ្តឹងរបស់លោក ថាន ថាវរៈ មេធាវីតំណាងឲ្យឈ្មោះ ច្រឹង វុត្ថា, គង់ វណ្ណា, ទីម យ៉ាន, ស៊ីង ស៊ាន, សៀន សុខ, សៅ សុខុន និងឈ្មោះ អែម អ៊ីន សំណើរសុំប្តឹងមេក្លោងឈ្មោះ ភឺន ផល្លា ឬ ភឿន ផល្លា (មន្រ្តីកងយុទ្ធពលខេមរភូមិន្ទ ង៧០) ដែលជាអ្នកផ្តល់មធ្យោបាយដល់ឈ្មោះ ញ៉ាក់ គឹមតុង, យាយ កោះកុង, យាយ នោមឆេះ, កែន សឿ (ផ្កាយ១) និងឈ្មោះ គឿន (វីរៈសេនីយ៍ឯក) ដែលបានឲ្យអ្នកសមគំនិតនិងបក្សពួកគូរកនរបស់ខ្លួនចូលទៅធ្វើរបងនិងពុះជាឡូត៍នៅលើទីតាំងអចលនវត្ថុទំហំ ៤៧៧,៥១៣ ម៉ែត្រការ៉េ។ បណ្តឹងចូលទៅកងរាជអាវុធហត្ថខេត្តព្រះ
សីហនុ លេខ៖ ២៣៧ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ម៉ោង ១០.៥០ នាទីព្រឹក។
ទី៣-បណ្តឹងរបស់ម្ចាស់ដីបីកន្លែងខុសគ្នាតែក្នុងតំបន់តែមួយស្ថិតនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ រួមមានឈ្មោះ៖ លោក កៅ សាមឿន, លោក នង សូយេត, និង លោក ស៊ាន ស៊ីហ៊ាន ប្តែងទៅឈ្មោះ ភឿន ផល្លា (មន្រ្តីកងយុទ្ធពលខេមរភូមិន្ទបម្រើការនៅ “ង៧០”) ដែលបានរំលោភយកដីរបស់ពួកគាត់។
ទី៤-បណ្តឹងរបស់លោក អៀង សុធារ៉ា ភេទប្រុស មានទីលំនៅផ្ទះលេខ ២២១ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ក្រុងភ្នំពេញ ប្តឹងលោក ភឿន ផល្លា មន្រ្តីកងយុទ្ធពលខេមរភូមិន្ទ “ង៧០” ដែលបានបញ្ជាកូនចៅឲ្យយកគ្រឿងច្រក (មានរូបភ្ជាប់មកជាមួយ) ចូលទៅឈូសឆាយរំលោភលើអចលនវត្ថុ (ដី) ដែលជាកម្មសិទ្ធរបស់លោក អៀង សុធារ៉ា មានទំហំ ១០.២ ហិកតា នៅថ្ងៃទី ៦ ខែកក្ដដា ឆ្នាំ ២០១៩ និងនៅថ្ងៃបន្តបន្ទាប់ទៀត តាមគំនូសទីតាំងដីលេខ ៣៥៩/០៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
ទី៥-បណ្តឹងរបស់ប្រជាពលរដ្ឋនៅភូមិអរិយក្សរាប់រយគ្រួសារប្តឹងទៅឈ្មោះ ភឿន ផល្លា កាលពីខែមិនា ឆ្នាំ២០១៩ ដែលមានអត្ថបទដើមទាំងស្រុងរបស់សារព័ត៌មាន ក្នុងស្រុកចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ដូចតទៅ៖  អ្នកឃុំអរិយក្សត្រផ្ទុះការតវ៉ា ខណៈមន្ត្រីអាជ្ញាធរចុះធ្វើបណ្ណកម្មសិទ្ធិដីលំនៅដ្ឋានជូនពួកគាត់ បែរជាឃុបឃិតគ្នាបន្លំឯកសារផ្ទេរកម្មសិទ្ធិដីរបស់ពួកគាត់ ជូនឧកញ៉ា ភឺន ផល្លា ក្នុងនោះធ្លាប់លម្អិតថា៖ ប៉ុន្មានថ្ងៃនេះ អ្នកភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បាននាំគ្នាជ្រួលច្របល់ និងផ្ទុះការតវ៉ាដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ ទៅអាជ្ញាធរខេត្ត និងសូមអោយសម្ដេចតេជោនាយករដ្ឋមន្ត្រីជួយពួកគាត់ ខណៈមន្ត្រីអាជ្ញាធរភូមិ ឃុំ និងស្រុកឃុបឃិតគ្នា បន្លំឯកសារស្នាមមេដៃរបស់ពួកគាត់ផ្ទេរកម្មសិទ្ធិ ដីរបស់ពួកគាត់ទៅអោយបុគ្គលឈ្មោះ ភឺន ផល្លា ដែលគេអះអាងថា មានងារជាឧកញ៉ាសំបូររឿងអាស្រូវដីធ្លីនោះ។
តំណាងប្រជាពលរដ្ឋដែលមានចំនួនរាប់រយគ្រួសារ មានទីលំនៅជាប់ខាងលិចផ្លូវជាតិលេខ៣៨០ បានរៀបរាប់ប្រាប់អង្គសារភាពព័ត៌មាន កាលពីថ្ងៃអាទិត្យ ម្សិលមិញនៅក្នុងវត្តបន្ទាយ ទីដែលពួកគាត់ជួបជុំគ្នាដើម្បីតវ៉ា បានអោយដឹងថា ដីរបស់ពួកគាត់គឺជាដីភូមិរស់នៅតាំងពីសង្គមចាស់មកម្ល៉េះ ដោយខាងមុខជាប់នឹងផ្លូវជាតិលេខ៣៨០ ខាងក្រោយជាប់នឹងអូរធម្មជាតិដែលដីអូរនេះ ក៏ពួកគាត់គ្រប់គ្រង និងអាស្រ័យផលទៅតាមទំហំក្បាលដីរៀងៗខ្លួន ពេលខែវស្សាទឹកទន្លេឡើងលិច ហើយខែប្រាំងទឹកស្រកទៅវិញ ពួកគាត់ក៏ធ្វើចំការនៅលើដីអូរនេះគ្មានទោមនស្សអ្វីឡើយ។
ស្រាប់តែនៅឆ្នាំ២០១៦ មេភូមិរបស់ពួកគាត់ (ភូមិអរិយក្សត្រ និងភូមិខ្សាច់) បានដើរប្រាប់ពួកគាត់អោយត្រៀមឯកសារដោយអាជ្ញាធរ នឹងរត់ការធ្វើបណ្ណកម្មសិទ្ធិដីលំនៅដ្ឋានជូនពួកគាត់។
បន្ទាប់មកមេភូមិក៏ប្រមូលប្រជាពលរដ្ឋអោយទៅបំពេញឯកសារ និងផ្ដិត មេដៃលើលិខិតស្នើសុំបណ្ណកម្មសិទ្ធិ តែលោកមេភូមិបានបង្កប់ឯកសារផ្ទេរកម្មសិទ្ធិ នៅក្នុងឯកសារស្នើសុំបណ្ណកម្មសិទ្ធិ និងបានបញ្ចុះបញ្ចូលប្រជាពលរដ្ឋអោយផ្ដិតមេដៃ នៅលើក្រដាសឯកសារដែលមិនទាន់សរសេរបំពេញក្រោមលេសថា មនុស្សច្រើនសរសេរមិនទាន់ទេ ផ្ដិតតែមេដៃ និងសរសេរឈ្មោះទុកសិនទៅ ចាំគាត់សរសេរឯកសារ បំពេញអោយ។ ចំណែកប្រជាពលរដ្ឋដោយសារទុកចិត្តមេភូមិ ដែលជាអ្នកចាស់ទុំក្នុងស្រុកក៏ព្រមផ្ដិតតែមេដៃ និងសរសេរឈ្មោះពីក្រោមរៀងៗខ្លួន ហើយប្រគល់ឯកសារនោះទៅអោយមេភូមិយកទៅសរសេរបំពេញបន្ត។
ស្រាប់តែថ្មីៗនេះ បែរជាធ្លាយឯកសារដែលពួកគាត់ផ្ដិតមេដៃ ដើម្បីធ្វើបណ្ណកម្មសិទ្ធិនោះទៅជាឯកសារយល់ព្រមផ្ទេរ កម្មសិទ្ធិដីរបស់ពួកគាត់នៅផ្នែកខាងក្រោយ ទៅអោយឈ្មោះ ភឺន ផល្លា ដែលគេស្គាល់ថាជាឈ្មួញរកស៊ីដីធ្លីទៅវិញ។
ប្រជាពលរដ្ឋបានបន្ថែមថា តាមពិតដីរបស់ពួកគាត់នៅផ្នែកខាងក្រោយសុទ្ធតែជាប់នឹងអូរធម្មជាតិទាំងអស់ ហើយនៅផ្នែកម្ខាងទៀតនៃអូរ គឺជាដីកម្មសិទ្ធិរបស់គេផ្សេងៗទៀត តែពេលឯកសារផ្ទេរកម្មសិទ្ធិដីពីឈ្មោះពួក គាត់ទៅឈ្មោះ ភឺន ផល្លា គឺអត់មានឃើញដីអូរធម្មជាតិនោះឡើយ គឺមានតែក្បាលដីខាងក្រោយជាប់ដីឈ្មោះ ភឺន ផល្លារ ហើយដីរបស់ឈ្មោះភឺន ផល្លា គឺលេបត្របាក់យកកន្ទុយដីរបស់ពួកគាត់ រួមទាំងលេបយកដីអូរធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋទាំងស្រុងតែម្ដង។
ឥឡូវនេះ ប្រជាពលរដ្ឋទាំងអស់បាននាំគ្នា ធ្វើពាក្យបណ្ដឹងទៅអភិបាលខេត្តកណ្ដាល ដើម្បីសុំមោឃភាពចោលនូវលិខិតស្នើសុំផ្ទេរកម្មសិទ្ធិលិខិតស្នើសុំបណ្ណកម្មសិទ្ធិដែលពួកគាត់បានផ្ដិតមេដៃ ក្រោមការបន្លំខ្លឹមសារលិខិតដែល ឯកសារទាំងអស់នេះមានចុះហត្ថលេខាពីមេភូមិ មេឃុំ និងអាជ្ញាធរស្រុករួចហើយ។
ប្រភពព័ត៌មានពីមន្ត្រីដែលដឹងរឿងបានបង្ហើបអោយដឹងថា ករណីនេះគឺជាអំពើឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងចំណោមឈ្មួញ និងមន្ត្រីអាជ្ញាធរខិលខូចមួយចំនួន ដើម្បីលេបយកដីប្រជាពលរដ្ឋផង លេបយកដីអូរសាធារណៈរបស់រដ្ឋផង ខណៈដីនៅតំបន់នោះកំពុងឡើងថ្លៃ១ហិកតា ៣ទៅ៤លានដុល្លារឯណោះ។
មន្ត្រីដឹងរឿងខាងលើបានបន្ថែមថា ដើម្បីលេបយកដីអូរសាធារណៈរបស់រដ្ឋ និងកន្ទុយដីរបស់ប្រជាពលរដ្ឋដែលនៅជាប់អូរបាន គឺពួកគេឃុបឃិតគ្នាបំភ័ន្តភ្នែកប្រជាពលរដ្ឋថា អាជ្ញាធរ និងសប្បុរសជនចេញ លុយធ្វើបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដោយកំណត់ដីប្រជាពលរដ្ឋពីផ្លូវជាតិទៅក្រោយមានចំងាយ៥០ម៉ែត្រ ហើយបើធ្វើប្លង់ត្រូវកាត់ចំណីផ្លូវជាតិ១៥ម៉ែត្រ ហើយខាងក្រោយ កាត់ចំណីអូរ១០ម៉ែត្រ។
ដូច្នេះដីប្រជាពលរដ្ឋនៅសល់ក្នុងបណ្ណកម្មសិទ្ធិបណ្ដោយ២៥ម៉ែត្រ ហើយកន្ទុយដីនៅនៅសល់ពីក្នុងបណ្ណកម្មសិទ្ធិ ប្រជាពលរដ្ឋយល់ព្រមផ្ទេរទៅអោយឈ្មោះ ភឺន ផល្លា ដើម្បីអាជ្ញាធរបានជាលេសយកដីអូរសាធារណៈ របស់រដ្ឋផ្ដល់បណ្ណកម្មសិទ្ធិអោយទៅឈ្មោះ ភឺន ផល្លា ព្រោះតែដីឈ្មោះ ភឺន ផល្លា សរសេរថាខាងកើតជាប់ ដីប្រជាពលរដ្ឋដែលនៅជាប់ផ្លូវជាតិលេខ៣៨០ ខាងត្បូង និងខាងជើងជាប់ដី ភឺន ផល្លា (តាមពិតជាដីបណ្ដោយអូរពីត្បូងទៅជើង)និងខាងលិចជាប់នឹងដីប្រជាពលរដ្ឋ តាមពិតជាដីរបស់ប្រជាពលរដ្ឋនៅម្ខាងទៀតនៃអូរតែប៉ុណ្ណោះ។
មន្ត្រីខាងលើបានបន្តថា មូលហេតុដែលគេឃុបឃិតគ្នាធ្វើដូច្នេះ គឺដើម្បីបន្លំកុំអោយថ្នាក់ក្រសួង និងរាជរដ្ឋាភិបាលដឹងនាំ អោយបែកទឹកលុយតែប៉ុណ្ណោះ ព្រោះបើយកដីអូរសាធារណៈរបស់រដ្ឋទៅលក់ និងផ្ដល់បណ្ណកម្មសិទ្ធិអោយឈ្មួញ គឺអាជ្ញាធរត្រូវស្នើសុំទៅរាជរដ្ឋាភិបាល ធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋជាមុនសិនទើបអាចប្រគល់ និងចេញបណ្ណកម្មសិទ្ធិអោយឯកជនបាន តែបើគេបន្លំឯកសារប្រជាពលរដ្ឋ ជាម្ចាស់ផ្ទេរកម្មសិទ្ធិអោយ មានន័យថាគេបំភ័ន្តផ្នែកផ្លូវច្បាប់លប់បំបាត់ដីអូរសាធារណៈ ចោលតែម្ដងមិនបាច់ស្នើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងអោយធ្វើអនុបយោគដីសាធារណៈ របស់រដ្ឋនោះឡើយ ហើយត្រឹមថ្នាក់ខេត្តគេអាចចេញបណ្ណកម្មសិទ្ធិឯកជនតែម្ដង។
អ្នកដឹងរឿងបានធ្លោយថា ដីអូរដែលមានចាប់ពីមុខវត្តអរិយក្សត្រ រហូតទៅដល់មុខវត្តខ្សាច់នោះ មានប្រវែងរាប់គីឡូម៉ែត្រសរុបជាផ្ទៃដីវិញជាង១០ហិកតាឯណោះ ហើយ ធ្វើលេខគុណសាកមើលទៅ ១ម៉ែត្រការ៉េតម្លៃទាបបំផុត៣០០ដុល្លារ ជាង១០ហិកតា តម្លៃមិនជាង៣០លានដុល្លារទៅហើយទេ។
ពាក់ព័ន្ធការលើកគ្នាតវ៉ាខាងលើនេះ នៅរសៀលថ្ងៃទី0៤ ខែមីនា ឆ្នាំ២០១៩នេះ អង្គភាពសាព័ត៌មាន បានទូរស័ព្ទសុំការបំភ្លឺពី លោក ឌុច ចាន់ មេឃុំអរិយក្សត្រដែរ តែទូរស័ព្ទចូលមិនមានអ្នកលើក ខណៈឈ្មោះ ភឺន ផល្លា អង្គភាពសាព័ត៌មាន ទូរស័ព្ទទាក់ទងសួរនាំផងដែរ តែលោកថាមិនពិតដូចការចោទប្រកាន់នោះទេ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print