ខេត្តក្រចេះ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូងឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់បញ្ជូនទៅសាលាដំបូងខេត្ត។
កាចុះឃាត់ខ្លួនជនសង្ស័យខាងលើនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៦.៥នាទី ល្ងាចព្រហស្បតិ៍ ១កើតខែអាសាឍណ៍ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០១ខែសីហា ឆ្នាំ២០១៩នៅចំនុចភូមិពង្រ២ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភពពីការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀននេះ ក្រោមបញ្ជា លោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត សម្របសម្រួលដោយ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលជាមុខសញ្ញាសកម្ម រួមនិងវត្ថុតាងគ្រឿងញៀន។
ប្រភពបន្តថាជនសង្ស័យទី១ឈ្មោះ ញ៉េប រ៉សែត ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិ ឃុំកើតហេតុខាងលើ។
ទី២ឈ្មោះ ស្លេះ អារីហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅ ភូមិអំពិល ឃុំប៉ឹស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
ទី៣ឈ្មោះ សារី ម៉ូស្លីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូងខេត្តក្រចេះ។
វត្ថុតាង រួមមានម្សៅក្រាមពណ៍សចំនួន៦កញ្ចប់ (ធំ២កញ្ចប់ តូច៤កញ្ចប់) ថង់ប្លាស្ទិចសម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន ទុយោចូករំលែកគ្រឿងញៀនចំនួន១ ដាវសាម៉ូរ៉ៃចំនួន១ កាំភ្លើងកែច្នៃចំនួន១ដើម ទូរសព្វ័ចំនួន២គ្រឿង និងសម្ភារះសម្រាបប្រើប្រាសគ្រឿងញៀនមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ ដោយ ជីវ័ន្ត