អតីតតារាកំប្លែងនាយ តាក់ស៊ី លាចាកសិក្ខាបទភ្លាមបញ្ជូនមកមន្ទីរពេទ្យភ្លែត

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាកំប្លែងមុល សារឿន ហៅនាយ តាក់ស៊ី បានសម្រេចចិត្តសាងផ្នួស និងបម្រើក្នុងវិស័យព្រះពុទ្ធសាសនាមិនទាន់បាន២ខែផងនោះស្រាប់តែពេលនេះបានសាចាកសិក្សាបទហើយ បន្ទាប់ពីមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺរ៉ាំរ៉ៃបាន។ អតីតតារាកំប្លែងរូបនេះក៏ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ភ្លាមៗផងដែរបន្ទាប់ពីជំងឺធ្វើទុក្ខខ្លាំង។
​ដើមឡើយ តារាកំប្លែងនាយតាក់ស៊ីបានសម្រេចចិត្តបួសជារៀងរហូតចាប់តាំងពី ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នេះនៅវត្ត ដងទង់ ស្រុកថ្ពងនៃខេត្តកំពង់ស្ពឺ។ អតីតតារាកំប្លែង នាយតាក់ស៊ីបានសម្រេចចិត្តលាចាកសិក្ខាបទកាលពីថ្ងៃទី០៥ខែសីហានេះ បន្ទាប់ពីស្ថានភាពជំងឺដុនដាប ហើយតម្រូវឲ្យលាចាកសិក្ខាបទ និងបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈហៅមន្ទីរពេទ្យព្រះសង្ឃនៅថ្ងៃដដែលនេះផងដែរ។ តាមការបញ្ជាក់របស់ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុងបានបញ្ជាក់ថា អតីតតារាកំប្លែង នាយ តាក់ស៊ី បាននឹងកំពុងសម្រាកតាមដាន និងព្យាបានជំងឺនៅឡើយនៅមន្ទីរពេទ្យព្រះកុសុមៈលោកសង្ឃឹមថាស្ថានភាពជំងឺរបស់លោកនឹងមានភាពប្រសើរឡើងវិញ។
កន្លងមកអតីតតារាកំប្លែង នាយ តាក់ស៊ី ធ្លាប់បានប្រកាសថា នឹងថ្វាយខ្លួនជូនព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បើសិនខ្លួនបានជាពីជំងឺដោយមិនស្ដាយអ្វីទាំងអស់ ហើយគាត់ ក៏នឹងបើកផ្លូវឲ្យប្រពន្ធគឺនាង ភីម ចង់មានគ្រួសារថ្មីគាត់ក៏មិនហាមដែរ ព្រោះខ្លួនគាត់ថ្វាយជូនព្រះទៅរហូតហើយដែរ ។
គួរបញ្ជាក់ថា នាយតាក់ស៊ី ធ្លាប់ឆ្លងកាត់ជីវិតជាក្មេងកំព្រាឪពុក ដើររើសអេតចាយ តែនាយខំតស៊ូ រហូតបានក្លាយជាតារាកំប្លែងល្បីឈ្មោះ បន្ទាប់ពីបានប្រឡងជាប់ទាំងពីរនាក់ប្តីប្រពន្ធ ក្នុងក្រុមកំប្លែង CTN នៅឆ្នាំ២០០៩-២០១០ ហើយក៏បានដូរឈ្មោះពី មុល សារឿន មកនាយតាក់ស៊ី ឯភរិយាប្តូរឈ្មោះពី សុភាន់ មកជានាង ភីម ។ នាយតាក់ស៊ី មានស្រុកកំណើតនៅភូមិវត្តរំដួល ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិវត្តកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដែលជាស្រុកកំណើតភរិយា ។ នាយបានរៀបការនៅឆ្នាំ២០០៦ សព្វថ្ងៃមានកូនប្រុសម្នាក់ផងដែរ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print