ប្រទេសប៉ាគីស្ថាន៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំវាយប្រហារប៉ាគីស្ថាន បង្កការខូចខាតយ៉ាងដំណាំ ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពលរដ្ឋ ។ មន្ត្រីអាជ្ញាធរគ្រប់គ្រងមហន្តរាយជាតិប៉ាគីស្ថាន បានបញ្ជាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ថា នៅទូទាំងប្រទេសប៉ាគីស្ថាន មានមនុស្សសរុប១៦១នាក់បានស្លាប់ និង១៣៧នាក់ផ្សេងទៀតរងបួស ដោយសារបាតុភូតគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ គិតចាប់តាំងពីខែកក្កដា ឆ្នា២២០១៩ រហូតមកទល់និងពេលបច្ចុប្បន្ននេះ។
ប្រភពពព័ត៌មានដដែល បានបន្តថា មនុស្ស១១នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ទាក់ទងនឹងភ្លៀង នៅតំបន់កំពង់ផែ ការ៉ាជី ខេត្ត Sindh ប៉ាគីស្ថាន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ផ្សាយកាលពីថ្ងៃអាទិត្យ (១១ សីហា) ។
ទឹកភ្លៀងធ្លាក់កម្ពស់១៩២មិល្លីម៉ែត្រ ក្នុងមួយម៉ោង បង្កឲ្យជំនន់ទឹកភ្លៀងកើតឡើង នៅតំបន់ទីប្រជុំជន និងតំបន់ទំនាប ហើយធ្វើឲ្យមនុស្ស ជាប់នៅក្នុងផ្ទះ រកពេលចេញទៅខាងក្រៅមិនបាន និងរារាំងដល់ការធ្វើចរាចរណ៍ តាមផ្លូវថ្នល់ ផ្លូវរថភ្លើង ក្នុងតំបន់ថែមទៀតផង។
ប្រភពព័ត៌មានដដែល បានបន្ដថា ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិត បានកើនឡើងយ៉ាងច្រើន ក៏ដោយសារតែការបាក់រលំដំបូលផ្ទះសង្កត់ និងត្រូវចរន្តអគ្គិសនីឆក់ស្លាប់។ ដោយឡែកសត្វពាហនៈជាច្រើនរយក្បាល ដែលមនុស្សនាំគ្នាទិញ ទុកបម្រុងកាប់យកសាច់ សម្រាប់រៀបចំពិធីបុណ្យសាសនា Eid នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នោះ ត្រូវចរន្តអគ្គិសនីឆក់ងាប់ ហើយត្រូវទឹកហូរកួច នាំយកទៅបាត់ខ្លះៗផងដែរ ។
មន្ត្រីក្នុងតំបន់ បានថ្លែងថា មនុស្សរាប់សិបនាក់ផ្សេងទៀត បានបាត់បង់ទីជម្រក ដោយសារមូលហេតុភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់។ ពួកគេបានភៀសខ្លួន ទៅស្នាក់នៅលើទីទួលមានសុវត្ថិភាពបណ្តោះអាសន្ន ដោយជ្រកនៅក្រោមដំបូលប្រក់តង់ ហើយនៅទីនោះ ពួកគេបានទទួលការផ្តល់ម្ហូបអាហារ, មានទីកន្លែងដេក និងថ្នាំសង្កូវខ្លះៗហើយដែរ។
ការផ្គត់ផ្គង់ចរន្តអគ្គិសនី មាន៣៥ភាគរយ ត្រូវកាត់ផ្តាច់ នៅក្នុងទីក្រុង ។ បញ្ហាអាកាសធាតុមិនអំណោចផលដូច្នេះហើយ ទើបធ្វើឲ្យបណ្តាញចែកចាយអគ្គិសនី ប្រហែល៥០០កន្លែង ត្រូវបិទផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ជាពិសេសនៅតំបន់ដែលជំនន់ទឹកភ្លៀងវាយប្រហារខ្លាំង ដើម្បីបញ្ចៀសហានិភ័យពីគ្រោះថ្នាក់ឆក់ខ្សែភ្លើង។
ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាជន ជាពិសេស កុមារៗ ត្រូវនៅឲ្យឆ្ងាយពីបង្គោលភ្លើង និងនៅក្នុងផ្ទះជានិច្ច ក្នុងអំឡុងពេលភ្លៀងកំពុងធ្លាក់ខ្លាំង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ។
តំបន់ខ្លះ ប្រតិបត្តិការជួយសង្គ្រោះ ដោយកងកម្លាំងទាហាន និងកងទ័ពឈុតប៉ារ៉ា ត្រូវបានធ្វើឡើង ចំពោះប្រជាជនដែលរងគ្រោះ ឬជាប់នៅទីណាមួយកន្លែង ជាពិសេសនៅខេត្ត Sindh នោះតែម្តង ។
មន្ត្រីប៉ាគីស្ថាន បានអះអាងថា នេះជាលើកទី២ហើយ គឺគ្រោះធម្មជាតិបានកើតឡើង មិនដល់៣សប្តាហ៍ផង ។ កាលពីក្នុងខែកក្កដា ឆ្នាំ២០១៩កន្លងទៅ គ្រោះធម្មជាតិនេះ បានបណ្ដាលឲ្យមនុស្ស២៥នាក់បានស្លាប់ នៅតំបន់ទីប្រជុំជនការ៉ាជី៕
ដោយ៖ មែវ សាធី