ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈបើកម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ ៥ ដោយសាររថយន្តមួយគ្រឿងបើកបត់មិនប្រយ័ត្នត្រូវបានម៉ូតូបុកពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧១.១៧២ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីនគរបាលស្រុកក្រគរ បានឱ្យដឹងថា បុរសរងរបួសធ្ងន់ត្រូវបានគេស្គាល់ឈ្មោះ អ៊ូច ហត អាយុ ២១ឆ្នាំ រស់នៅភូមិដង្គា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ដែលបុរសរងគ្រោះខាងលើធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-3699 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿងម៉ាកកាមរី ពណ៌ផ្ទៃមេឃ មិនចាំផ្លាកលេខធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតហើយបានបត់ត្រឡប់ក្រោយ គ្រានោះម៉ូតូកំពុងមានល្បឿនលឿនគួរសមក៏បានជ្រុលបុកចំក្បាលរថយន្តពេញទំហឹង បណ្ដាលឱ្យដួលច្រង៉ាប់ច្រង៉ិលរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។ ចំណែករថយន្តបង្កឃើញហេតុការណ៍បែបនេះ ក៏បន្ថែមល្បឿនមកទិសខាងលិចបាត់ស្រមោល ប៉ុន្ដែសមត្ថកិច្ចបានស្គាល់ភិនភាគ និងកំណត់មុខសញ្ញាច្បាស់លាស់ហើយដែរ ។
ប្រភពបន្តថា ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោភ្លាមៗផងដែរ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យជនរងគ្រោះ ៕
ដោយ៖ ប៉ឹម ពិន