ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រុសស្រី ក្មេង ចាស់ ចំនួន ៤៥នាក់ បានពុលទឹកក្រូចកំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។
ហេតុការណ៍ពុលភេសជ្ជៈខាងលើនេះ បានចាប់ផ្ដើមកាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចបឹងគូ ស្ថិតក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក ហុន ហន អាយុ ៤៦ឆ្នាំ រស់នៅភូមិព្រៃតោ ឃុំតាលោ បានទិញ ទឹកក្រូចម៉ាក កូកាកូឡា ដបជ័រ ចំណុះ ១,២៥ លីត្រដើម្បីទទួលភ្ញៀវក្នុងកម្មវិធីសែនព្រេនប្ដីប្រពន្ធ ។ បន្ទាប់មក លោក ហុន ហន គាត់បានទៅទិញទឹកក្រូចម៉ាក វីស៊ែន ដបជ័រ ចំណុះ ៣៥០មីលីលីត្រ ដើម្បីទុកលក់បន្ត ពីតូបចាប់ហួយឈ្មោះ ផាត វុទ្ធី ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិទួលជ្រាវ ឃុំតាលោ ក្រោយមកក៏មានករណីពុលជាបន្តបន្ទាប់រហូតដល់ចំនួន ៤៥នាក់ ដោយមានអាការៈដូចជា រាគ ក្អួត នោមឈាម ត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកបាកាន យករថយន្តសង្គ្រោះដឹកជញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងអ្នកធ្ងន់ធ្ងរបញ្ជូនបន្តដល់រាជធានីភ្នំពេញ ។
ប្រភពខាងលើបន្តទៀតថា ករណីខាងលើមន្ត្រីជំនាញកំពុងចុះទៅស្រាវជ្រាវអំពីមូលហេតុ ការពុលភេសជ្ជៈខាងលើ ឱ្យបានច្បាស់ថាមូលហេតុមកពី (ទឹកក្រូចម៉ាក កូកាកូឡា ឬ មកពីទឹកក្រូចម៉ាក វីស៊ែន) ពិតប្រាកដ ។
ប្រភពបានបញ្ជាក់បន្ដទៀតថា ចំនួនអ្នកពុលក្មេងចាស់ ស្រីប្រុស ក្នុងចំណោម ៤៥នាក់ ៦នាក់ បានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ចំណែក ៣៩នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន និងខេត្តពោធិ៍សាត់ ៕
ដោយ៖ ប៉ឹម ពិន