ខេត្តព្រះសីហនុ៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនបាន កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងក្រុមទី៤៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
តាមប្រភពពីមន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ទី១ ឈ្មោះ អៀវ ចន្ថា ភេទប្រុស អាយុ២៦ឆ្នាំ និងទី២ឈ្មោះ ពេជ្រ ស្រីម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ ជាស្ដ្រីធ្វើការនៅហាងខារ៉ាអូខេ ទាំង២នាក់ជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធខាងលើ គឺដោយកម្លាំងបានស្រាវជ្រាវតាមដានរកមុខសញ្ញាចែកចាយក្នុងមូលដ្ឋាន ហើយក៏ដឹងថា ប្ដីប្រពន្ធទាំង២នាក់ គឺជាអ្នកចែកចាយគ្រឿងញៀន ក៏បានចាត់កម្លាំងចេញប្រតិបត្តការ បង្ក្រាបដល់ផ្ទះរបស់ជនសង្ស័យតែម្ដង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើហើយ កម្លាំងក៏បានដកហូតវត្ថុតាងមួយចំនួនដូចជា ម្សៅសថ្លា២កញ្ចប់តូច ទម្ងន់០.៣ក្រាម, ប្រាក់រៀល៨ម៉ឺនរៀល និងប្រដាប់ប្រដាសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរជនសង្ស័យទាំង២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់បញ្ជាការដ្ឋាននគរបាលកងរាជអាវុធហត្ថខេត្ត៕
ដោយ៖ ឆ្លាមសមុទ្រ