ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានមន្ដ្រីជំនាញរដ្ឋបាលជលផល កងរាជអាវុធហត្ថខេត្ត យោធាសឹករងខេត្ត នគរបាល បរិស្ថាន សហគមន៍នេសាទប្រមាណជាង ១០នាក់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ។
ប្រតិបត្តិការកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខាងលើ ប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ និង ២៣ ខែធ្នូ ឆ្នាំ២០១៥ នៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក និងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង និងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នា ចុះបង្ក្រាបបទល្មើសនេសាទខាងលើលោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងជាសមាជិកកម្លាំងចម្រុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងចម្រុះបង្ក្រាបដោយបំផ្លាញចោលឧបករណ៍ ដែលក្រុមល្មើសនេសាទមួយចំនួនរួមមាន៖ ឧបករណ៍រួមផ្សំ (បរ) ចំនួន ៦ខ្សែ មានប្រវែង ១២០០ម៉ែត្រ បង្គោលចំរ៉ឹង ៩៥០ដើម ចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ៣០០គីឡូក្រាម និងរឹបអូសក្បាលបរចំនួន ៦គ្រឿង យកទៅរក្សាទុកនៅផ្នែករដ្ឋបាលជលផល និងអួនកែឆ្នៃរួមផ្សំដោយខ្សែភ្លើងឆក់ ១វង់ ព្រមទាំង ២វង់ទៀត បង្ក្រាបបានក្នុងតំបន់ហាមឃាត់ ព្រមទាំងមងជាលក្ខណៈគ្រួសារ ដែលពួកគេនេសាទក្នុងតំបន់ហាមឃាត់ ។
លោកបន្តទៀតថា ទោះបីការប្រឹងប្រែងបង្ក្រាបពីកម្លាំងចម្រុះខាងលើ ជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃក្ដីក៏នៅតែជនខិលខូចមួយចំនួន លួចលាក់ប្រព្រឹត្តនោះដែរ ហើយកម្លាំងឆ្មក់បង្ក្រាបភាគច្រើនបានតែឧបករណ៍ ចំណែកមធ្យោបាយកាណូតជាកម្លាំងអូសទាញ កម្លាំងយើងកម្រនឹងបង្ក្រាបបានណាស់ ព្រោះកាណូតរបស់ជនប្រព្រឹត្តមានកម្លាំងសេសធំលឿន លើសលប់ពីមធ្យោបាយរបស់សមត្ថកិច្ច ប៉ុន្ដែកម្លាំងមិនចុះចាញ់បទល្មើសនោះឡើយ នៅតែខិតខំប្រឹងប្រែងបន្តបង្ក្រាបជាដ៏រាប ៕
ដោយ៖ ប៉ឹម ពិន