ភ្នំពេញ៖ ស្ត្រីម្នាក់បានជិះម៉ូតូចេញពីមន្ទីរពេទ្យហើយត្រលប់មកផ្ទះវិញ តែជាសំណាងអាក្រក់ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែររួចវាយមួយដៃ បណ្ដាលឲ្យដួលនិងខ្ទៀតចេញពីលើម៉ូតូ និងលើកយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលសូន្យ ។
កាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចតាមបណ្ដោយផ្លូវទំនប់៧មករា ខាងកើតផ្លូវ២១៧(ក្បែរKTV8888)ស្ថិតក្នុងភូមិប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ ផេង លាងឃន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាគ្រូបង្រៀននៅអនុវទ្យាល័យហ៊ុន សែន ព្រែកកន្ទួត នៅខេត្តកណ្ដាល ទីលំបច្ចុប្បន្ននៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
បើតាមសម្ដីជនរងគ្រោះឈ្មោះផេង លាងឃន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនៅម៉ោងប្រហែលជា១០ និង៥០នាទីព្រឹក រូបគាត់បានចេញពីមន្ទីរពេទ្យម៉ារីស្ទុប(ហៅពេទ្យស្ត្រី)នៅម្ដុំតាខ្មៅ ហើយរូបជិះបានម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CU-8925 ខណៈពេលនោះរូបគាត់បានជិះតាមផ្លូវកើតហេតុខាងលើ ពេលដែលកំពុងជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែមាន មានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីម មិនចាំស្លាកលេខមកជិតហើយក៏បានទាញនិងគៀរជនរងគ្រោះឈប់ រួចមានជនសង្ស័យម្នាក់បានលត់ចុះពីលើម៉ូតូរបស់គេ មកវាយជនរងគ្រោះ ១ដៃ បណ្ដាលឲ្យរូបគាត់ដួលចេញពីម៉ូតូ បន្ទាប់មកពួកគេក៏បានលើកម៉ូតូរបស់គាត់ហើយនាំគ្នាជិះត្រលប់ក្រោយទៅបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន និងបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯកផងដែរ ដើម្បីងាយស្រួលរកមុខសញ្ញា ៕
ដោយ៖ ភារ៉ា ដង្កោ
...