ខេត្តកណ្តាល៖ មុខសញ្ញារក្សាទុកសារធាតុញៀន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង១២ និង៣០នាទី រំលោងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំនាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ ,ម៉ូតូមួយគ្រឿងធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ,ទូរស័ព្ទដៃ០២គ្រឿងផងដែរ ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ជា ស៊ីណា ហៅខ្នា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ បច្ចុប្បន្នស្នាក់នៅឡឥដ្ឋរបស់ឈ្មោះតក់ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទី២-ឈ្មោះ ឈួន មករា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាង ផ្សារដែក រស់នៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូលបានចេញល្បាតតាមគោលដៅងាយរងគ្រោះ ។ ពេលល្បាតដល់ចំណុចកើតហេតុខាងលើបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូឌុបគ្នា ភ្លាមៗនោះកម្លាំងល្បាតបានហៅជនសង្ស័យឈប់ឆែកឆេររកឃើញមានវត្ថុតាងជាក់ស្តែង ឃាត់ខ្លួនវាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ