បើទោះបីជាក្រសួងមហាផ្ទៃរឹតបន្តឹងបញ្ហាសន្តិសុខនៅតាមពន្ធនាគារបែបណាក៏ដោយ ប្រភពពីមន្ត្រីអនុរ័ក្សពន្ធនាគារខេត្តកំពតរាយការណ៍ថា ទណ្ឌិតនៅក្នុងពន្ធនាគារខេត្តនេះនៅតែអាចប្រើប្រាស់ទូរស័ព្ទដៃបានដដែល ។ វាជារឿងមួយដែលបានកើតជាយូរណាស់មកហើយ ។ ទណ្ឌិតធ្វើយ៉ាងណាក៏ដោយ ឲ្យតែមានប្រាក់ ឲ្យលោកប្រធានពន្ធនាគារ គឺអាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនបានទៀតផង ។ ដូច្នេះទណ្ឌិតដែលជាអតីតក្រុមចោរអាចមានទំនាក់ទំនងគ្នា ដូចដែលគេរកឃើញថា ក្រុមចោរប្លន់ដែលធ្វើសកម្មភាពមួយរយៈចុងក្រោយនេះគឺបញ្ជាចេញពីពន្ធនាគារខេត្តកណ្តាល ។
រឿងរ៉ាវពុករលួយនាគ្រាកន្លងមក នៅឯពន្ធនាគារខេត្តកំពតត្រូវគេអះអាងថា មិនបានកាត់បន្ថយនោះទេ ។ រហូតដល់បច្ចុប្បន្ន បញ្ហាអសកម្មក្នុងការងារ, ក្តោបយកការងារតែម្នាក់ឯង ទុកឲ្យមន្ត្រីដទៃទៀតអត់ការងារធ្វើ, ការអនុញ្ញាតឲ្យយកប្រាក់ពីបងប្អូនទណ្ឌិតពេលដែលចូលទៅសួរនាំ, ការបង់សេវាថ្លៃម្ហូបអាហារ… នៅតែបន្តកើតមានដោយមិនប្រួលប្រែ ។ លោកប្រធានពន្ធនាគារខេត្តកំពត អែម បូ ដើរនិយាយថា បើអគ្គនាយកពន្ធនាគារមិនដកតំណែងគាត់ តើនរណាហ៊ានដក?
រឿងរ៉ាវពុករលួយនៅក្នុងពន្ធនាគារខេត្តកំពតមានស្អេកស្កះ ។ បញ្ហាជួញដូរគ្រឿងញៀន ក៏កំពុងញាំញីនៅក្នុងពន្ធនាគារនេះខ្លាំងណាស់ដែរ ។ ទណ្ឌិតដែលនៅក្នុងពន្ធនាគារប្រមាណជាង៤០០នាក់ អ្នកខ្លះកំពុងរស់នៅសោយសុខ អ្នកខ្លះវេទនា… ភាពខុសគ្នានៃអ្នកទោសនៅក្នុងពន្ធនាគារបែបនេះ ក៏ព្រោះតែពួកគេមានជីវភាព ខុសគ្នា ។ បណ្តាជនទណ្ឌិតដែលមានជីវភាពធូរធាអាចរស់នៅក្នុងពន្ធនាគារសុខស្រួល ព្រោះគេស្គាល់លោកប្រធានពន្ធនាគារច្បាស់ ។ អ្នកទោសដែលមានជីវភាពខ្សត់ខ្សោយរកតែទឹកទុយោផឹកមិនបានផង? នេះហើយជីវិតទណ្ឌិតនៅពន្ធនាគារខេត្តកំពត ក្រោមអំណាចដឹកនាំរបស់លោក អែម បូ ៕