ខ្យល់ព្យុះដ៏មហាប្រល័យមួយបានកើតឡើងនៅភាគខាងត្បូងអាមេរិកនាថ្ងៃបុណ្យគ្រីស្ទមាស់បណ្តាលឲ្យមនុស្សយ៉ាងតិច១១នាក់បាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តលំនៅឋានអស់ច្រើនខ្នងផងដែរ ។
មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មនុស្ស៧នាក់បានបាត់បង់ជីវិតខណៈខ្យល់ព្យុះបានបក់បោកឆ្លងកាត់ភាគខាងជើងតំបន់ Mississippi ទាំងយប់អធ្រាត្រ ។ ចំណែកនៅតំបន់ Tennessee មនុស្ស៣នាក់បានស្លាប់ ហើយនៅតំបន់ Arkansas ឯណោះវិញ ខ្យល់ព្យុះនេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ផងដែរ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ខ្យល់ព្យុះតូចធំប្រមាណ២០បានកើតឡើងនៅអំឡុងពេលនេះ ។ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ស្ថិតក្នុងចំណោជនរងគ្រោះដែលបាត់បង់ជីវិតទាំងនោះផងដែរ ។
ក្រុមជួយសង្គ្រោះនៅតំបន់ Mississippi បានធ្វើសកម្មភាពជួយសង្គ្រោះពីផ្ទះមួយទៅផ្ទះមួយ បន្ទាប់ពីទទួលរងគ្រោះដោយខ្យល់ព្យុះដែលមានកម្លាំងខ្លាំងក្លា និងជាច្រើនខ្យល់ព្យុះនោះ។
ក្មេងប្រុសម្នាក់ស្ថិតនៅក្នុងរថយន្ត រួមជាមួយក្រុមគ្រួសាររបស់គេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ បន្ទាប់ពីទទួលរងការបក់បោកពីខ្យល់ព្យុះ ។
យន្តហោះស្ថិតនៅអាកាសយានដ្ឋានធុនតូចភាគពាយព្យបានជួបញ្ហាដោយសារតែខ្យល់ព្យុះនេះ ប៉ុន្តែគេមិនដឹងថាតើមានមនុស្សប៉ុន្មានបានរងរបួសនោះឡើយ ។
មានការប្រកាសឲ្យដឹងថា ខ្យល់ព្យុះមានកម្លាំងខ្លាំងបានកើតឡើងនៅតំបន់ Mississippi នោះ ដោយមានល្បឿន១០០ម៉ៃឆ្ពោះទៅកាន់តំបន់ Tennessee ។ ប៉ុន្តែទោះយ៉ាងណាការគំរាមកំហែងពីខ្យល់ព្យុះនេះបានស្ងប់ស្ងាត់ទៅវិញផងដែរ ក្រោយពីបង្កឲ្យមានជំនន់ទឹកភ្លៀង និងធ្វើឲ្យមានចលាចលស្ថិតនៅក្នុងតំបន់ Georgia នៅ Alabama និងនៅ Carolinas ផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត