ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដ ម៉ាកMATRIXលឿនមិនប្រុងប្រយ័ត្ន ជ្រុលបុករ៉ឺម៉កដឹកនំលក់ពេញទំហឹងបណ្ដាល ឱ្យក្រឡាប់រងរបួសធ្ងន់ម្នាក់ កាលពីវេលា ម៉ោង៤និង៣៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ីកែងនឹងផ្លូវទ័ពអាកាសអន្ដរ ជាតិភ្នំពេញ ក្នុងភូមិតាងួន សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្ដ បង្កនៅមិនទាន់អស់ល្បឿនជ្រុលទៅបុក ចូលផ្ទះជួសជុលម៉ូតូថែមទៀតបណ្ដាលឱ្យ ខូចខាតយ៉ាងដំណំ ។
ជនរងគ្រោះរងរបួសធ្ងន់ ជាអ្នកបើក រ៉ឺម៉កឈ្មោះលាង ភេទប្រុស អាយុជាង ៥០ឆ្នាំ មុខរបរលក់នំកញ្ចប់កូនក្មេង ស្នាក់ នៅភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល និងក្មេងប្រុស២នាក់ ដែល រួមដំណើរជាមួយមិនមានរងរបួស ឈ្មោះ ផល្លា រតនា អាយុ១៤ឆ្នាំ និងឈ្មោះវ៉ន លីន អាយុ១៤ឆ្នាំ ទាំង២នាក់ជាកម្មករ លក់នំ មានស្រុកកំណើតជាមួយថៅកែ លាងដែរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញរថយន្ដបង្កម៉ាក MATRIX ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២V-៤២៥២ បើកបរដោយបុរសចំណាស់មិនស្គាល់ ឈ្មោះម្នាក់ធ្វើដំណើរតាមផ្លូវបេតុងទ័ព អាកាសក្នុងទិសដៅពីត្បូងទៅជើង។ មក ដល់ចំណុចផ្លូវកែងសហព័ន្ធរុស្ស៊ីដែលជាផ្លូវបំបែកនោះរថយន្ដនេះមិនបានបត់ទៅ ឆ្វេងឬស្ដាំទេ គឺទៅត្រង់ក៏ទៅបុកចំពាក់ កណ្ដាលរ៉ឺម៉កដឹកនំកញ្ចប់កូនក្មេងពេញ រ៉ឺម៉កនិងមានក្មេងប្រុស២នាក់រួមដំណើរ ដែលកំពុងធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចពេញទំហឹងបណ្ដាលឱ្យក្រឡាប់រ៉ឺម៉កទៅកល់លើខឿន ចិញ្ចើមផ្លូវខ្ទាតនំរាយប៉ាយពេញផ្លូវនិងធ្វើឱ្យអ្នកបើករ៉ឺម៉ករងរបួសធ្ងន់សន្លប់ស្ដូក ស្ដឹងតែក្មេងប្រុស២នាក់ដែលជិះលើរ៉ឺម៉កមិនមានរងរបួសទេ។
ប្រភពដដែលបានបន្ដថា បន្ទាប់ពី រថយន្ដបើកបុករ៉ឺម៉កម៉ូតូរួចហើយរថយន្ដ បង្កនៅមិនទាន់អស់ល្បឿនបានជ្រុលទៅ បុកចូលផ្ទះជួសជុលម៉ូតូបណ្ដាលឱ្យខូច ខាតរបស់របរក្នុងផ្ទះអស់មួយចំនួនទៀត តែម្ចាស់ផ្ទះមិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់អ្នកបើកបរនិងរថយន្ដបង្កព្រមទាំងរ៉ឺម៉កលក់នំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ សុខាសែនជ័យ