ភ្នំពេញ៖ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខណ្ឌព្រែកព្នៅទាំងមូល ត្រូវរៀនច្បាប់ចរាចរណ៍ឲ្យចេះទាំងអស់គ្នា ដើម្បីគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ ហើយអ្នកមានរថយន្ត ព្រមទាំងម៉ូតូត្រូវមានលិខិតស្នាមផ្សេងឲ្យបានត្រឹមត្រូវ និងដាក់ជាប់ខ្លួនជានិច្ច ហើយបើស្រវឹងសូមកុំបើកបរ បើពុំនោះទេនាឆ្នាំ២០១៦ខាងមុខនេះ ប៉ូលិសធ្វើការផាកពិន័យ និងព្រមានហើយ។
ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសាលាខណ្ឌព្រែកព្នៅ ដែលមានការចូលរួមពីលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក សុខ សម្បតិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងសមាជិកក្រុមប្រឹក្សា និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀតផងដែរ។
ក្នុងគោលបំណងផ្សព្វផ្សាយ នូវច្បាប់ចរាចរណ៍ថ្មីនេះ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅសូមសំណូមពរឲ្យគណៈបញ្ជាការឯកភាពគ្រប់សង្កាត់ទាំង៥ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជួយផ្តល់ដំណឹង និងជំរុញបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅរបស់យើងទាំងមូល ដែលពួកគាត់ខ្លះពុំទាន់បានយល់អំពីថ្មីច្បាប់ចរាចរថ្មី ដើម្បីចូលរួមចំណែកកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
លោក សុខ សម្បតិ បានលើកឡើងថា ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខណ្ឌព្រែកព្នៅទាំងមូល ត្រូវរៀនច្បាប់ចរាចរណ៍ឲ្យចេះទាំងអស់គ្នា ដើម្បីគោរពច្បាប់ចរាចរ និងអ្នកមានរថយន្ត ព្រមទាំងម៉ូតូត្រូវមានលិខិតស្នាមផ្សេងឲ្យបានត្រឹមត្រូវ និងដាក់ជាប់ខ្លួនជានិច្ច ហើយបើស្រវឹងសូមកុំបើកបរ បើពុំនោះទេ នាឆ្នាំ២០១៦ខាងមុខនេះ ប៉ូលិសធ្វើការផាកពិន័យ និងព្រមានហើយ។
លោកបន្តថា សម្រាប់គណៈបញ្ជាការឯកភាពគ្រប់សង្កាត់ទាំង៥ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាត្រូវតែផ្តល់ដំណឹង និងជំរុញបន្ថែមទៀតនូវច្បាប់ចរាចរណ៍ថ្មីដល់ប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋានឲ្យពួកគាត់បានដឹងគ្រប់គ្នា ជៀសវាងក្រែងពេលសមត្ថកិច្ចហៅផាកពិន័យ ហើយមិនបានដឹងនោះ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនោះផងដែរ បានអនុម័តដោយការបោះឆ្នោតនូវមន្ត្រី៣នាក់ ក្នុងនោះអនុរដ្ឋបាល១នាក់ និងអនុប្រធានការិយាល័យភូមិបាល២នាក់ ដែលនឹងចូលមកបម្រើការនៅក្នុងសាលាខណ្ឌព្រែកព្នៅ ដោយសំឡេងការគាំទ្រ១៤ សំឡេងលើ១៥រូប គឺសន្លឹកឆ្នោត១មិនបានការ។
ក្នុងឱកាសនោះផងដែរ លោក សុខ សម្បតិ ក៏បានលើកទិសដៅ និងវិធានការដល់អង្គប្រជុំ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តលើគ្រប់វិស័យដើម្បីអនុវត្តតាមគោលនយោបាយចតុកោណដំណាក់កាលទី២ និងទី៣របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលសព្វថ្ងៃនេះបាននិងកំពុងដឹកនាំនាវាកម្ពុជាលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនេះ៕
ដោយ៖ ព្រែកជ័យ