ពិភពលោកចាប់អារម្មណ៍​ និងបារម្ភខ្លាចឥណ្ឌានិងប៉ាគីស្ថាន ប្រើប្រាស់អាវុធបរមាណូ​ទូទាត់គ្នា

ចែករំលែក៖

ប្រទេសជុំវិញពិភពលោក បារម្ភយ៉ាងខ្លាំងពីសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថានកើតឡើងនៅ​តំបន់កាស្មៀរហើយក្លាយជាទ្រង់ទ្រាយធំ ។ នៅពេលនេះឥណ្ឌានៅតែប្តេជ្ញាមិនប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារលើសត្រូវមុនឡើយ ប៉ុន្តែគោលការណ៍នេះអាចប្រែប្រួលនៅថ្ងៃណាមួយ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩បានផ្សាយថា នៅចំពោះមុខភាពតានតឹងជាមួយប៉ាគីស្ថាន រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយថា ទីក្រុងញូដេលីបានបន្តប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួន ដែលនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារលើសត្រូវ ជាមុនឡើយ ពោលគឺទាល់តែរងការវាយប្រហារពីអាវុធនេះមុន ទើបឥណ្ឌាបង្ខំចិត្តឆ្លើយតបទៅវិញ។
លោកប្រមុខការពារជាតិឥណ្ឌា បានលើកឡើងយ៉ាងដូច្នេះថា «វាជាការពិត មកទល់ពេលនេះ ប្រទេសយើងបានគោរពជាប់ ជានិច្ចនូវគោលការណ៍ No First Use នៃអាវុធនុយក្លេអ៊ែររបស់ខ្លួន តែនាថ្ងៃអនាគត វាប្រហែលជាអាស្រ័យលើកាលៈទេសៈ»។ លោក Singh បានព្រលយពាក្យព្រមានបែបនេះ នៅចំពោះមុខភាពតានតឹងជាមួយប៉ាគីស្ថាន ជាពិសេសបន្ទាប់ពីទីក្រុងញូដេលី បានសម្រេចដកសិទ្ធិស្វ័យភាពពិសេសរបស់រដ្ឋ Jammu & Kashmir ជាតំបន់ជម្លោះក្តៅគគុកជាមួយទីក្រុងអ៊ីស្លាម៉ាបាដ។ ប្រការ នេះបានធ្វើឲ្យប៉ាគីស្ថានមិនពេញចិត្តជាខ្លាំង។
គួរជម្រាបថា ការកើនឡើងកម្តៅខ្លាំងនៅតំបន់កាស្មៀរ ដែលបង្កឲ្យគ្រប់គ្នាភ័យព្រួយថា សង្រ្គាមរវាងឥណ្ឌា និងប៉ាគីស្ថានស្ទើរតែនឹងផ្ទុះឡើងនោះ គឺកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅពេលក្រុមភេរវករ ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន បានឆ្មក់វាយប្រហារកងទ័ព ឥណ្ឌា និងបណ្តាលឲ្យទាហានឥណ្ឌាជាង៤០នាក់ស្លាប់។ ឥណ្ឌាបានសងសឹកវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាសចូលព្រំដែន ប៉ាគីស្ថាន ខណៈប៉ាគីស្ថានបានឆ្លើយតប តាមរយៈការបញ្ជួនយន្តហោះចម្បាំងខ្លួន ទៅប្រយុទ្ធជាមួយយន្តហោះចម្បាំងឥណ្ឌា។
ក្រោយមកមានសេចក្តីរាយការណ៍ថា ទីក្រុងញូដេលីបានគំរាមបាញ់មីស៊ីលដាក់ប៉ាគីស្ថាន ខណៈទីក្រុងអ៊ីស្លាម៉ាបាដ បានប្រកាសថា ខ្លួននឹងវាយប្រហារយ៉ាងចាស់ដៃមកវិញ ប្រសិនបើឥណ្ឌាហ៊ាន។ ទោះជាប្រទេសទាំងពីរមិនបានធ្វើយ៉ាងដូច្នោះក៏ដោយ ការផ្លោងគ្រាប់ដាក់គ្នា នៅព្រំដែន បានកើតមានឡើងនិងបង្កឲ្យជនស៊ីវិលមួយចំនួនបាត់បង់ជីវិត។
និយាយពីកម្លាំងនុយក្លេអ៊ែរ ឥណ្ឌាមានមីស៊ីលផ្លោងរយៈចម្ងាយខ្លីនិងមធ្យម ដែលអាចបាញ់ដល់គ្រប់ទីតាំងក្នុងប៉ាគីស្ថាន។ ដូចគ្នាដែរ យោធាប៉ាគីស្ថានមានក្រុមមីស៊ីលស្រដៀងគ្នា ដែលអាចវាយប្រហារបកមកឥណ្ឌាវិញបានភ្លាមៗ បើសង្រ្គាមផ្ទុះឡើង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print